ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃនោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌ បានពន្យល់ថា ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាល មួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវនៅផ្ទះរៀងៗខ្លួន, ផ្អាកការធ្វើដំណើរ, ផ្អាករាល់ការជួបជុំ, ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរ ការជាបណ្តោះអាសន្ន ក្នុងរយៈពេលបិទខ្ទប់១៤ថ្ងៃនេះ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ មេសានេះ លោក គឹម សន្តិភាព បានបន្តពន្យល់ថា ការធ្វើដំណើរអាចធ្វើទៅបាន តែក្នុងករណីចាំបាច់ និងបន្ទាន់មួយចំនួនប៉ុណ្ណោះ ដូចជាការចេញទៅទិញម្ហូបអាហារ កីឡា ឬទៅពេទ្យជាដើម ។ ការជួបជុំអាចធ្ចើទៅបាន តែក្នុងករណីចាំបាច់បំផុតដូចជា បុណ្យសព ឬសកម្មភាព បម្រើអោយសុខុមាលភាព សាធារណៈ និងប្រយោជន៍សង្គម ។ រីឯការជួបជុំក្នុងចំណោមគ្រួសារ ដែលរស់ នៅជាមួយគ្នា ក្នុងបរិវេនផ្ទះរបស់ខ្លួន ក៏ត្រូវបានអនុញ្ញាតផងដែរ ! រាល់ក្រុមហ៊ុន ឬសហគ្រាស ដែលជាតម្រូវការចាំបាច់ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនទូទៅ អាចនៅដំណើរការបាន ដូចជាហាងទំនិញ ផ្សារលក់ម្ហូបអាហារ រោងចក្រឫសិប្បកម្ម ផលិតម្ហូបអាហារ មន្ទីរពេទ្យឫក្លីនិកឯកជន, ធនាគារជាដើម។
សហគ្រាស ឬក្រុមហ៊ុន ដែលមិនមែនជាតម្រូវការខាន មិនបាន របស់ប្រជាពលរដ្ឋទូទៅ ត្រូវផ្អាកសកម្មភាពទាំងអស់ ។ ប៉ុន្តែ ស្ថាប័នសាធារណៈ ដែលផ្តល់ សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ នៅបន្តដំណើរការដដែល ។
រាល់ស្ថាប័នសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាត អោយបន្តដំណើរការ ត្រូវកាត់បន្ថយចំនួនបុគ្គលិក មកបម្រើការអោយមកនៅតិចបំផុត ហើយត្រូវអនុវត្តនូវរាល់វិធានការ សុខាភិបាល ដូចជាការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការលាងសម្អាតដៃជាដើម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌សង្កត់ធ្ងន់ថា “បុគ្គលគ្រប់រូប មានកាតព្វកិច្ចត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់។ ការបំពានវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង នឹងត្រូវទទួលទោស ដែលត្រូវបានកំណត់ដោយច្បាប់” ។
សូមរំលឹកថាក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់៕