ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី ៖ សម្ដេចតេជោ គ្មានហេតុផលណាមួយ ទៅចោលជាតិ និងប្រជាជនទេ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គ្មានហេតុផលណាមួយ នឹងទៅចោលយើងដាច់ខាត ទោះជាក្នុងពេលដ៏លំបាកយ៉ាងណាក្តី ព្រោះគាត់គឺជាមេដឹកនាំ ដែលយើងតែងផ្តល់ទំនុកចិត្ត លើគាត់រហូតមកដល់សព្វថ្ងៃនេះ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៥ មេសានេះ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានីបានលើកឡើងថា អ្នកអាចនិយាយលាប ពណ៌បុរសម្នាក់នេះ ទៅតាមចិត្តរបស់អ្នកចុះ តែអ្នកមិនអាចប្រកែកបានឡើយ ចំពោះការដែលគាត់តែងតែ នៅជាមួយប្រជាជន ទាំងក្នុងពេលសុខសាន្ត និងក្នុងពេលលំបាក ។ នៅលើពិភពលោកនេះ ពុំមានក្បួនតម្រាឯណា ដែលអាចប្រើ ដើម្បីប្រយុទ្ធ នឹងជំងឺឆ្លងរាតត្បាត កូវីដ ១៩ មានប្រសិទ្ធភាព១០០%នោះឡើយ ។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតាមប្រទេសនិមួយៗគឺជាការវាស់ស្ទង់នូវការឆ្លើយតប និងគ្របគ្រងស្ថានការណ៍ របស់រដ្ឋាភិបាលប្រទេសនោះ ។ នៅចំពោះមុខការ មិនធ្លាប់ជួបប្រទះវិបត្តិដូចគ្នា ក្នុងអតីតកាលយើង ពិតជាមានសំណាង ដែលមានមេដឹកនាំម្នាក់ និង សហការីដែលពោរពេញ ដោយបទពិសោធន៍ ក្នុងការដឹកនាំ និងប្រយុទ្ធនឹងវិបត្តិកូវីដ ១៩នេះ។

លោក ហ៊ុន ម៉ានីបញ្ជាក់ថា “ជាមេដឹកនាំមួយ ដែលតែង នៅជាប់ជាមួយប្រជាជន គាត់ពិតជាជ្រាបច្បាស់ នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុត សម្រាប់ជាតិ និងប្រជាជន ។ គាត់ គឺជាមេដឹកនាំដែលយើង តែងផ្តល់ទំនុកចិត្តលើ គាត់រហូតមកដល់សព្វថ្ងៃនេះ ហើយដែលយើងអាចជឿជាក់បានថា គាត់គ្មានហេតុផលណាមួយ នឹងទៅចោលយើងដាច់ខាត ទោះជាក្នុងពេលដ៏លំបាកយ៉ាងណាក្តី” ៕

To Top