ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញជឿជាក់ថា ការបិទខ្ទប់រាជធានី១៤ថ្ងៃ អាចនឹងកាត់បន្ថយ​ រាលដាលជំងឺកូវីដ១៩ ឈានដល់កាត់ផ្តាច់ទាំងស្រុង

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលជាសេនាធិការ ក្នុងការពិនិត្យ និងអនុវត្តលើវិធានការនេះ បានបង្ហាញនូវការជឿជាក់ថា អាចនឹងការកាត់បន្ថយ ការឆ្លងរាលដាល ជំងឺកូវីដ១៩ និងឈានទៅដល់ការកាត់ផ្តាច់បានទាំងស្រុង តែទាមទារឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា ។

ក្នុងសន្និសីទសារព័ត៌មាន នារាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១លោក ឃួង ស្រេង បានលើកឡើងថា “កិច្ចការងារនេះ (វិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានី ភ្នំពេញ) សុទ្ធតែមានក្តីសង្ឃឹម ជាការពិសោធន៍ នៅលើប្រទេស ដែលបានអនុវត្តកន្លងមក នៅលើពិភពលោក ការទប់ស្កាត់ជំងឺរីករាលដាលនេះ គឺកាត់ផ្តាច់មនុស្ស កុំឲ្យមានទំនាក់ទំនងនឹងគ្នា ទើបអាចទប់ស្កាត់បាន” ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ការកាត់ផ្តាច់នេះ យើងមានសង្ឃឹមថា រយៈពេល១៤ថ្ងៃនេះ នឹងកាត់បន្ថយការឆ្លងរីករាលដាល នឹងឈានទៅរកផ្តាច់នៃជំងឺនេះ ក្នុងរាជធានីភ្នំពេញ ដូច្នេះហើយ ទើប រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់នៅក្នុងរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលតែម្តង ដោយសារឃើញ ទីតាំងនេះ ចូលដល់បន្ទាត់ក្រហម ទើបត្រូវបិទ ហើយក៏សូមបញ្ជាក់ផងដែរថា នេះជាងារ មួយដ៏អាក្រកបំផុត ប៉ុន្តែយើងឈឺចាប់តិច ប្រសើរជាងឈឺយូរអង្វែង” ។

គួរឲ្យដឹងថា រាជធានីភ្នំពេញដែលជាទីតាំងផ្ទុះការឆ្លងរាលដាលខ្លាំងជាងគេ ចាប់តាំងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ២០២១ បានកើតឡើង ដែល នាំឲ្យមានអ្នកឆ្លងជំងឺកូវីដ១៩ និងឈានដល់មានអ្នកស្លាប់ នៅកម្ពុជាផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បាន ដាក់ចេញវិធានការជាបន្តបន្ទាប់ ដូចជាវិធានការរដ្ឋបាលដែលបានដាក់ចេញកន្លងមក ដោយបិទការធ្វើដំណើរ នៅពេលយប់ និងបិទខ្ទប់នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ធ្វើយ៉ាងណា មិនឲ្យស្ថានភាពនេះ កាន់តែអាក្រក់ជាងនេះ ។

ប៉ុន្តែវិធានការខាងលើនេះ ហាក់មិនទាន់បានរាំងខ្ទប់នូវការចម្លងដែលមានចំនួនជាង១០០នាក់ ក្នុងមួយថ្ងៃនោះឡើយ រហូតនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការ បិទខ្ទប់ទាំងស្រុងនូវភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលតែម្តង៕

To Top