Covid-19

សម្ដេចតេជោ សម្រេចចាក់វ៉ាក់សាំងកូវីដដូសទី២ មុនថ្ងៃកំណត់ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្សាកាតា

ភ្នំពេញ៖ ទន្ទឹមនឹងបរិបទនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅលើសកលលោក ក៏មានបញ្ហាក្ដៅ មួយចំនួននៅក្នុងតំបន់ផងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចាក់វ៉ាក់សាំងកូវីដដូសទី២ មុនថ្ងៃកំណត់ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្សាកាតា នាថ្ងៃទី២៤ខាងមុខ។

សូមរំលឹកបញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ធ្វើអោយមានការ ងើបឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ ទៅនឹងរបបសឹកមួយនេះ បណ្ដាលអោយមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា។

តាមរយៈបណញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា ដោយភារកិច្ចខានមិន បានក្នុងការចូលរួមប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

ជាការឆ្លើយតបក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩ នៅលើពិភពលោក សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចការដែលខ្ញុំត្រូវធ្វើ ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោង ចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បី ទទួលលិខិតបញ្ជាក់ សម្រាប់អោយអាជ្ញាធរ សុខាភិបាលឥណ្ឌូណេស៊ី។

សម្ដេចបាន ឱ្យ ដឹងថា ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាក ពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ជាមួយនឹងការពិនិត្យសំណាក ២ទៅ៣ដងទៀត។

ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្ដេចតេជោ ត្រូវអោយភរិយានាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូ ដែលធ្វើដំណើរជាមួយសម្ដេច ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកអោយយោបល់សម្ដេចថា ដោយសារសម្ដេចចាក់វ៉ាក់សាំងរួចហើយ សម្ដេចគួរធ្វើចត្តាឡីស័ក៧ថ្ងៃ បានហើយ តែសម្ដេចបានប្រាប់ទៅពួកគាត់វិញថា សម្ដេចចង់ធ្វើអោយប្រាកដថាសម្ដេចមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះសម្ដេចត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់សម្ដេចទាំងតូចទាំងធំ តែងមកលេងច្របាច់ជើង និងគេងលើគ្រែ ព្រមទាំងរត់លេង ក្នុងបន្ទប់របស់ជីតា ៕

To Top