ព័ត៌មានជាតិ

រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១១ប្រភេទ អនុញ្ញាតឲ្យបើកដំណើរការ អំឡុងពេលបិទខ្ទប់ ភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យដំណើរការ សកម្មភាពអាជីវកម្ម ក្នុងអំឡុងពេល នៃការអនុវត្តវិធានការ បិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល នូវ ប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ទាំងអស់ចំនួន១១ប្រភេទ ។

យាងតាមសេចក្ដីសម្រេចរបស់ ក្រសួងការងារ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា រាល់រោងចក្រ សហគ្រាស សិប្បកម្ម ឬទីតាំងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឲ្យនៅបើកដំណើរការ ស្រមតាមប្រការ១ នៃសេចក្ដីសម្រេចនេះ ត្រូវផ្អាកប្រតិបត្តិការ របស់ខ្លួនចាប់ពីម៉ោង២០ ដល់៥ សម្រាប់ទទួលអតិថិជនដោយផ្ទាល់ លើកលែងចំពោះសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថានស្ថានីប្រេងឥន្ធនៈ សេវាសណ្ឋាគារ និងផ្ទះសំណាក់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្ដែវិធានការនេះ មិនសម្លាប់ប្រជាពលរដ្ឋនោះទេ ដោយអនុញ្ញាតឲ្យពួកគាត់ ទិញគ្រឿងឧបភោគ បរិភោគ និងទៅធ្វើការងារបាន៕

To Top