ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណ ចំពោះបងប្អូនអាជីវករ រកស៊ីលក់ដូរ គ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួម ជាមួយរដ្ឋបាល រាជធានីភ្នំពេញ ដោយមិនឡើងថ្លៃ ម្ហូបអាហារ ក្នុងអំឡុងពេល នៃការបិទខ្ទប់ រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការរីករាលដាល ជម្ងឺកូវីដ-១៩ នេះ។
ការថ្លែងនូវការអំណរគុណបែបនេះ បានធ្វើឡើងបន្ទាប់ពី អាជីវករចូលរួម សហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណា រក្សាមិនឲ្យទំនិញ ដែលជាគ្រឿងហូប ចុកឡើងថ្លៃខ្ពស់ គ្មានហេតុផលនោះ ក្រោយពីមានការត្អូញត្អែល ពីប្រជាពលរដ្ឋ និងការអំពាវនាវ របស់អាជ្ញាធរ ឃើញថាអាជីវករ បានចូលរួមយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ឲ្យបាន នូវការរីករាលដាល ជំងឺកូវី-១៩ ហើយសម្មភាពនេះ ក៏ជាការជួយ ទៅដល់បងប្អូន ប្រជាពលរដ្ឋ ក្រីក្រ ជួបការលំបាកផងដែរ ។
គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន មួយកាលពីរាត្រីថ្ងៃទី១៥ ខែមេសា នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការអំពាវនាវ ឲ្យបងប្អូនអាជីវករទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញ គ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករ ដែលបានដំឡើងថ្លៃទំនិញ គ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏និងមានវិធានការ រដ្ឋបាលផងដែរ ៕