ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាអាជ្ញាធរត្រូវចុះពិនិត្យ គ្រប់មនុស្ស ធ្វើដំណើរពីចម្ងាយ មកកាន់ភូមិរបស់ខ្លួន សំដៅធានាគ្មានការចម្លងជំងឺកូវីដ-១៩ ក្នុងភូមិ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាដល់អាជ្ញាធរ ត្រូវចុះពិនិត្យគ្រប់មនុស្ស ដែលធ្វើដំណើរពីចម្ងាយមកកាន់ ភូមិរបស់ខ្លួន សំដៅធានាថា ភូមិរបស់ខ្លួនគ្មានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។

តាមរយៈសារសំឡេង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ ចុះពិនិត្យប្រជាពលរដ្ឋទៅ ស្រុកកំណើតតាមរបៀបណា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចតេជោ មានប្រសាសន៍ថា «ភូមិឃុំនៅឯជនបទ នៅខេត្តនានា ត្រូវត្រួតពិនិត្យគ្រប់មនុស្ស ដែលធ្វើដំណើរពីចម្ងាយមកកាន់ភូមិរបស់ខ្លួន សំដៅធានាថាភូមិរបស់ខ្លួនមិនមានការរីករាលដាល នៃកូវីដ១៩នោះទេ។ ដូច្នេះសង្ឃឹមថា យើងនឹងអនុវត្តន៍ទាំងអស់គ្នា ប្រជាជននៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ ព្រះសង្ឃគង់នៅវត្តណា គឺគង់នៅវត្តនោះ ដោយគ្មានការលើកលែងនោះទេ»។

សម្ដេចតេជោ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួបរួមគ្នាកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១០ បើមិនដូច្នោះទេ វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាការធ្វើដំណើរឆ្លងខេត្ត នឹងត្រូវពន្យារពេលលើសពី ១៤ថ្ងៃ ទៀត៕

To Top