ភ្នំពេញ៖លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយបានដកស្រង់ខ្លឹមសារសង្ខេបលិខិតចុងក្រោយ ចុះថ្ងៃទី១៦ មេសា ១៩៧៥ របស់ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែលខកចិត្តចាញ់បោកអាមេរិកថា ពួកបច្ចឹមលោកមិនខ្លាចចាយលុយ និងប្រើអាវុធទេ តែពួកគេមិនហ៊ានចាយជីវិតមនុស្សច្រើនទ្បើយ ដូចនេះ ទើប ហូ ជីមិញ ច្បាំងឈ្នះអាមេរិក។
លោក តាន់ វុទ្ធា បានលើកឡើងបន្ថែមថា ខ្មែរនិន្នាការផ្សេងៗគ្នា គេអាចអោយពិន្ទុថា ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ជាអ្នកស្នេហាជាតិ, ជាអ្នកស្រលាញ់អំណាច, ជាអ្នកក្បត់រាជបល្ល័ង្កដោយគំនុំរាជវង្ស ឬជាអ្នកនយោបាយល្ងង់ខ្លៅ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ មេសានេះ លោក តាន់ វុទ្ធា បានសរសេរថា ពួកបច្ចឹមលោកមិនខ្លាចចាយលុយ និងប្រើអាវុធទេ តែពួកគេមិនហ៊ានចាយជីវិតមនុស្សច្រើនទ្បើយ ដូចនេះ ទើប ហូ ជីមិញ ច្បាំងឈ្នះអាមេរិក។ នេះខ្លឹមសារសង្ខេបលិខិតចុងក្រោយ ចុះថ្ងៃទី១៦ មេសា ១៩៧៥ របស់ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែលទ្រង់ខកចិត្តចាញ់បោកអាមេរិក ដោយបានរួមដៃជាមួយពួក CIA ទម្លាក់ហ្លួង សីហនុ ជាបងប្អូនជីដូនមួយ រហូតដល់ភ្លើងឆេះស្រុកអស់ ទើបភ្ញាក់ខ្លួន។ «ខ្ញុំ សូម អរគុណ ដោយស្មោះនូវ សារលិខិត របស់ លោក ដែល ផ្ដល់ ដល់ ខ្ញុំ កន្លែង សំរាប់ នាំទៅរក សេរីភាព ។ ខ្ញុំ មិនអាច ចាក ចេញទៅ ដោយ កំសាក របៀប នេះឡើយ ។ ចំពោះ រូបលោក និង មហា ប្រទេស លោក ខ្ញុំ មិនដែល ជឿ មួយ វិនាទីណា ឡើយ ថា លោក នឹងបោះបង់ចោល ប្រជាជន មួយ ដែល បានជ្រើសរើស សេរីភាព ទ្បើយ។ ប៉ុន្ដែសូមលោកចងចាំថា បើសិនជាខ្ញុំស្លាប់ គឺស្លាប់ នៅទីនេះនៅក្នុង ប្រទេសខ្ញុំ ដែលខ្ញុំស្រឡាញ់ ព្រោះយើងទាំងអស់គ្នា កើតមកនិងស្លាប់ ទាំងអស់គ្នា នៅថ្ងៃណាមួយមិន ខាន ។ ខ្ញុំបានប្រព្រឹត្តកំហុស តែមួយគត់គឺជឿលើលោក និងជឿលើអាមេរិក »៕