ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ​ ១គ្រឿង របស់ក្រុមហ៊ុន GTVC ជួយសង្គ្រោះដឹកយកស្ត្រី ឈឺពោះសម្រាលកូន ពីកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២១ នៅវេលាម៉ោង១០និង ១៥នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស​ ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង កំពុងឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះសម្រាលកូន នោះមាន ឈ្មោះ កាម ណាយ៉េន អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ បូ ប្រុស ជាប្រជាពលរដ្ឋ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូន តាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែ នៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ចំពោះលោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ដែលបានសហការ ជាមួយក្រុមហ៊ុនGTVC បញ្ជូនរថយន្តសង្រ្គោះបន្ទាន់ នឹងក្រុមគ្រូពេទ្យ មកទទួលជនរងគ្រោះ ពីផែ នៅក្រុងព្រះសីហនុ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ គ្រប់ពេលផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top