នយោបាយ

ភូមិសាស្រ្តនយោបាយ៖ ទន្លេមេគង្គ…នឹងក្លាយជាចំណុចក្ដៅរបស់ក្រុមអំណាចស្រមោល ប្រឆាំងចិន

        ប្រវត្តិសាស្រ្តរបស់ពិភពលោក ចាប់ពីក្រោយសង្រ្គាមលោកលើកទី២ចប់ រហូតមកដល់សព្វថ្ងៃនេះ មានការប្រែប្រួលមកពីមានព្រឹត្តការណ៍ធំៗដែលបានកើតមានឡើងពុំអាចមានការព្យាករណ៍មុនបាន!។ របៀបរបបពិភពលោកពហុប៉ូលមួយ ដែលត្រូវបានបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ហើយដែលប្រព័ន្ធមួយនេះ ត្រូវបានស្ថិតស្ថេរអស់រយៈកាលជាង៤ទសវត្សរ៍នោះ ក៏ត្រូវបានរលំរលាយទៅនាឆ្នាំ១៩៩១ បន្ទាប់ពីកំពែងសង្គមនិយម ដែលមានសហភាពសូវៀតជាប្រធាន និងបណ្ដាប្រទេសអឺរ៉ុបខាងកើត ត្រូវបានផ្ដួលរំលំដោយការបាត់បង់ជំនឿទៅលើនិកាយសាសនាមួយមិនពិតប្រាកដនោះ!។

        ការដួលរលំនូវប្រព័ន្ធសង្គមនិយមនេះ បាននាំទៅជាមួយ ផែនទីពិភពលោកមួយត្រូវបានគូសឡើងវិញ! បែងចែកតំបន់សារជាថ្មី ដោយគួបផ្សំទៅនឹងរដ្ឋថ្មីមួយចំនួនចាប់មានកំណើតឡើងចូលរួមក្នុងសហគមន៍ប្រជាជាតិរបស់ពិភពលោក! ដែលបច្ច័យមួយនេះ បានធ្វើឲ្យស្ថានភាពពិភពលោកចាប់មានការវិវត្តន៍ប្រកបទៅដោយភាពស្មុគស្មាញប្រទាក់ក្រឡាគ្នា និងមាន         អស្ថេរភាពទៅវិញ! ដែលក្នុងនោះ រួមមានទាំងគ្រោះមហន្តរាយកើតមានឡើងដោយគ្រោះធម្មជាតិដ៏កាចសាហាវទៀតផងនោះ!។

         ក្នុងទិដ្ឋភាពនយោបាយមួយប្រកប ទៅដោយពហុភាព ពហុប្រយោជន៍ ដែលមានចរិតសួនតួយ៉ាងជ្រាលជ្រៅនេះបានជះឥទ្ធិពល យ៉ាងអវិជ្ជមានមកលើដំណើរការសាកលភាវូបនីយកម្ម និងសមាហរណកម្ម ទាំងក្នុងតំបន់និងអន្តរជាតិ នាំដល់ការវិវត្តន៍ ផ្លាស់ប្ដូរ ទៅតាមផលប្រយោជន៍របស់់់ប្រទេសនីមួយៗ ក្រោមគ្រប់រូបភាព និងលើគ្រប់វិស័យ ដែលកត្តាទាំងអស់នេះបាននាំឱ្យមានការប៉ះពាល់មកលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការអន្តរជាតិ ទស្សននយោបាយ ចក្ខុវិស័យ ការប្រកួតប្រជែងគ្នាដើម្បីផលប្រយោជន៍! ដែលចំណុចទាំងនេះ បានជះឥទ្ធិពលមកលើក្រុមប្រទេសដែលជាបក្សសម្ព័ន្ធរបស់ប្រទេសខ្លួន!។ ព្រោះការប្រកួតប្រជែងគ្នាក្នុងការស្វែងរកអំណាច និងឧត្តមភាព បានធ្វើឱ្យមានការលេចធ្លោនូវកត្តាអំបូរ ពូជសាសន៍ សាសនា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស អំពើភេរវកម្មឆ្លងដែន និងបណ្ដាបញ្ហាប្រឈមកើតមកពីចរន្តជនចំណាកស្រុក ការប្រែប្រួលអាកាសធាតុ បញ្ហាទឹក ដែលបច្ច័យរសើបទាំងអស់នេះបានក្លាយទៅជាទឡ្ហីករណ៍នយោបាយមួយសម្រាប់ជាលេសប្រឆាំង និងជាការតថ្លៃនយោបាយជាមួយគ្នាទៅវិញទៅមក ក៏តែដើម្បីផលប្រយោជន៍សួនតួរបស់ខ្លួនតែប៉ុណ្ណោះ!។

          ក្នុងមួយទសវត្សរ៍នេះ បន្ទាប់ពីបញ្ហាសមុទ្រចិនខាងត្បូងមក ស្រាប់តែមានការកើតឡើងនូវបញ្ហាទន្លេមេគង្គ បញ្ហាទឹក និងបញ្ហាប្រភពទឹក! ដែលបច្ច័យពីរនេះត្រូវបានមើលឃើញយ៉ាងច្បាស់ថានឹងប្រែក្លាយទៅជាចំណុចក្ដៅបំផុត ជាបញ្ហាអសន្តិសុខទាំងក្នុងតំបន់និងលើពិភពលោកនាពេលខាងមុខនេះ!។

          មហាអំណាចស្រមោលនិងលាក់មុខដែលអ្នកនយោបាយស្គាល់ថាពួក Illuminati Freemason ពិសេសគឺ Bilderberg Group នេះ បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ ចាត់ចែង និងបង្កើតឡើងឱ្យមានស្ថាប័នអំណាចសេដ្ឋកិច្ចបី ដែលពោរពេញទៅដោយសិទ្ធិអំណាចដ៏មហិមានោះគឺ World Bank (១៨៨សមាជិក) IMF (១៨៤សមាជិក) WTO (១៦០សមាជិក) ក្នុងគោលបំណងដើម្បីរឹតបន្តឹង និងត្រួតត្រាមកលើក្រុមប្រទេស ដែលមិនគោរព ប្រតិបត្តិទៅតាមពួកគេ ដែលពួកគេហៅថា Rogue States នោះ!។ ក្រៅពីនេះ ពួកគេក៏បានបង្កើតឡើងឱ្យមានស្ថាប័នសេដ្ឋកិច្ចសម្រាប់តំបន់ផងដែរ ដែលមានជាង១០០ស្ថាប័នរួមទាំងពួក NGOs រាប់ពាន់ផងដែរ មានដូចជា EU, ADB, ARF ល-ល ហើយបើសម្រាប់អនុតំបន់វិញរួមមាន MRC, GMS ល-ល សំដៅបម្រើឱ្យទន្លេមេគង្គដែលមានមនុស្សលោកប្រមាណ ជាង៦០លាននាក់រស់អាស្រ័យ ពឹងពាក់ទៅដោយទន្លេនេះ!។

        មេគង្គជាទន្លេមួយ ដែលបានរត់ឆ្លងកាត់៦ប្រទេស ដែលក្នុងប្រទេសនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ទឹកដី និងអាកាសធាតុខុសផ្សេងពីគ្នា! តែទោះបីជាមានស្ថានភាពធម្មជាតិ និងវិសាលភាពភូមិសាស្រ្តខុសផ្សេងពីគ្នាយ៉ាងណាក៏ដោយ ក៏ប្រទេសទាំង៦នេះ បានចាត់ទុកទន្លេមេគង្គថាជាប្រភពទឹក ជាដួងព្រលឹងដែលបានផ្ដល់ឱ្យប្រទេសរបស់ខ្លួនមានអាយុជីវិតរស់នៅបានរហូតមកដល់ថ្ងៃនេះ ក៏ដោយសារទឹកទន្លេមេគង្គមួយនេះ!។

          ក្នុងនយោបាយដណ្ដើមឧត្តមភាព និងដើម្បីកាន់កាប់បេះដូងពីបណ្ដាប្រជាជាតិដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គនេះ ពួកអ្នកយុទ្ធសាស្រ្តរបស់សេតវិមានបានមើលឃើញជាយូរក្នុងការបង្កើតឱ្យមានឧបសគ្គនយោបាយ ដែលជាលេសមួយក្នុងការវាយប្រហារចិនដើម្បីដណ្ដើមឧត្តមភាពនោះ!។  ពួកគេបានលើកឡើងនូវផលប៉ះពាល់មកពីមានទំនប់វារីអគ្គិសនីលើទន្លេមេរបស់ដងទន្លេមេគង្គ បញ្ហាសន្តិសុខស្បៀង ការបារម្ភអំពីប្រភពជម្រកត្រី ការរីងស្ងួត ទឹកជំនន់ ដែលចុងក្រោយគឺផលវិបាកក្នុងការនាំឱ្យមានចរន្តជនចំណាកស្រុក ដោយគ្រោះធម្មជាតិ និងមកពីមានគ្រោះទុរភិក្សនោះ!។

          ក្រៅអំពីយន្តការអន្តរជាតិជាច្រើន ក៏មានយន្តការសហប្រតិបត្តិការក្នុងកម្រិតតំបន់សម្រាប់ទន្លេមេគង្គ តែខ្លឹមសារនៃក្របខណ្ឌសហប្រតិបត្តិការទាំងនេះ ពុំមានចរិតស៊ីជម្រៅដោយការបង្កើតឡើងនូវបណ្ដាយន្តការតំបន់ទាំងនេះ គ្រាន់តែជារូបភាពនយោបាយមួយឱ្យល្អមើលច្រើនជាងជាការងារបច្ចេកទេសសុទ្ធសាធ!។ ព្រោះដើម្បីជាការប្រកួតប្រជែង ជាការស្វែងរកឧត្តមភាព ក្នុងការបំពេញតុល្យភាពកម្លាំងតែប៉ុណ្ណោះ! ពុំមែនជាការងារជួយស្រោចស្រង់  មេគង្គឡើយ!។

          ក្នុងបុព្វហេតុុដើម្បីសុខមាលភាពរបស់បណ្ដាសហគមន៍ប្រជាជាតិ៦០លាននាក់ដែលរស់នៅតាមបណ្ដោយទន្លេមេគង្គនេះ សូមកុំយកទន្លេមេគង្គធ្វើជាឧបសគ្គ ឬជាចំណាប់ខ្មាំងនយោបាយ! តែត្រូវរួមគ្នា ស្វែងរកដំណោះស្រាយប្រកបទៅដោយតម្លាភាព មនុស្សធម៌ មានការទទួលខុសត្រូវខ្ពស់ និងមានចីរភាព ដើម្បីរួមជួយឲ្យទន្លេមេគង្គមួយនេះ រួចផុតពីអំពើប្រល័យដោយមហន្តរាយកើតមកពីបាត់ដៃរបស់មនុស្សនោះ!៕

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល នៅទំនប់វារីអគ្គីសនី ដងសាហុង ព្រំប្រទល់ កម្ពុជាឡាវ

To Top