ព័ត៌មានជាតិ

អភិបាលរង រាជធានីភ្នំពេញ៖ ការធ្វើដំណើររបស់អ្នក ដឹកជញ្ជូន តាមអនឡាញ អ្នកលក់ថ្នាំ និងមន្រ្តីសុខាភិបាល ត្រូវអនុញ្ញាតឲ្យឆ្លងកាត់ (មានសំឡេង)

ភ្នំពេញ ៖ បន្ទាប់ពីឃើញការអនុវត្តការរឹតត្បិតធ្វើ ដំណើររបស់សមត្ថកិច្ចមានចំណុចខ្វះខាតទាក់ទិនបិទ មិនឲ្យក្រុមអ្នកដឹកជញ្ជូនចំណីអាហារ កុម្ម៉ង់តាមអនឡាញ ឱសថស្ថាន និងមន្ត្រីសុខាភិបាលលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា មិនត្រូវចាំបាច់ទាល់តែមានឯកសារច្រើនទេ គឺល្មមៗអនុញ្ញាត ឲ្យពួកគាត់ឆ្លងកាត់ទៅ។

លោកថា ព្រោះការងាររបស់ពួកគាត់ទាំងជាការចាំបាច់មិនអាចខ្វះបាន ។ ជាក់ស្តែងបើកុម្ម៉ង់អាហារតាមអនឡាញ ហើយបើមិនដឹកឲ្យអ្នកកុម្ម៉ង់ទេតើអ្នកគេបានអ្វីញាំ។ ទាំងមន្រ្តីសុខាភិបាល និងអ្នកលក់ថ្នាំជាដើមគឺតម្រូវមិនអាចខ្វះបាន ព្រោះត្រូវទៅព្យាបាលអ្នកជំងឺ ។

លោក កើត ឆែ បានណែនាំយ៉ាងដូច្នេះថា “ខ្ញុំសូមធ្វើការកែតម្រូវថា កាលណាគាត់(អ្នកដឹកជញ្ជូន) ដឹកទំនិញអនឡាញ ជាគ្រឿងឧបភោគបរិភោគ ពេលគាត់ដល់គោលដៅ គាត់ទម្លាក់ឲ្យម្ចាស់អ្នកកុម្ម៉ង់ហើយ ចឹងគាត់មកវិញគាត់ជិះម៉ូតូទទេ និងក្លុបនឹងហើយ  ចឹងសូមេត្តា អនុញ្ញាតឲ្យគាត់ចូលឡើងវិញ ជៀសវាងការខុសឆ្គងដែលនាំឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ” ។

លោកអភិបាលរង ក៏បានលើពីករណី បុគ្គលិកសុខាភិបាល និងឱសថការីផងដែរ  ដោយបានបញ្ជាក់ថា “សូមេត្តាបង្កលក្ខណៈឲ្យគាត់មកបំពេញការងារឡើងវិញ ព្រោះព្រឹកមិញនេះ អ្នកមន្ទីរពេទ្យមកពេទ្យមិនគ្រប់ទេ រួមទាំងអ្នកធ្វើការនៅប៉ាស្ទើផង ឯអ្នកលក់ថ្នាំពេទ្យក៏មកមិនគ្រប់ដែរ ចឹងប្រភេទអ្នកទាំងពីរនេះ អត់ត្រូវការលិខិតបេសកកម្មទាំងអស់ គឺកាលណាគាត់ បង្ហាញថាគាត់ធ្វើការផ្នែក ពេទ្យផ្នែកឱសថស្ថាន គឺត្រូវអនុញ្ញាតឲ្យគាត់ចូល នឹងបង្កលក្ខណៈឲ្យគាត់” ។

លោកអភិបាលបន្តថា “បើមិនអីចឹងទេ ថ្នាំពេទ្យគេបិទគ្រប់គ្នានេះ ពេលដែលយើងមានបញ្ហា ប្រជាពលរដ្ឋមានបញ្ហា មិនដឹងទៅទិញថ្នាំនៅទីណាទេ ជាពិសេសយើងដឹងហើយថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានដាក់អនុញ្ញាតឲ្យមានព្យាបាលជំងឺកូវីដតាមផ្ទះ ។ ចឹងគាត់ត្រូវការទិញថ្នាំមួយចំនួន ចឹងសូមេត្តាយោគយល់អធ្យាស្រ័យ និងពង្រឹងការងារការងារតួនាទីរបស់យើង ឲ្យស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល”៕

To Top