ព័ត៌មានជាតិ

អង្គភាព​ ក្រោមឱវាទក្រសួង សាធារណការ ត្រូវមកប្រចាំការ និង បំពេញការងារ ត្រឹមកម្រិត ២%ប៉ុណ្ណោះ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់មន្រ្តីគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវកាត់បន្ថយចំនួនបុគ្គលិក មន្រ្តីរាជការ ដែលត្រូវមកប្រចាំការ និងបំពេញការងារចាំបាច់ ត្រឹមកម្រិត ២%ប៉ុណ្ណោះ ដើម្បីចូលរួមអនុវត្ត សេចក្ដីសម្រេច រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា កែសម្រួលវិធានការ ដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «គ្រប់អង្គភាព ក្រោមឱវាទក្រសួងទាំងអស់ ត្រូវកាត់ បន្ថយ ចំនួនបុគ្គលិកមន្រ្តី រាជការ ដែលត្រូវមកប្រចាំការ និងបំពេញការងារ ចាំបាច់ត្រឹម កម្រិតពីរភាគរយ (២%) ប៉ុណ្ណោះ និងត្រូវអនុវត្ត គោលការណ៍ អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ។ ចំពោះបុគ្គលិក មន្រ្តីរាជការផ្សេងៗទៀត ដែលពុំទទួលបានការចាត់តាំង ឱ្យមកប្រចាំការ ត្រូវបំពេញការងារពីផ្ទះ តាមរយៈប្រព័ន្ធ អនឡាញ(Online) តាមការប្រគល់ភារកិច្ចការងារ ពីប្រធានអង្គភាព សាមីនីមួយៗ»។

ក្រសួង បន្ដថា ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្រ្តីរាជការ ដែលត្រូវមកបំពេញ ការងារ ចាំបាច់តាមការចាត់តាំង ត្រូវមានលិខិត បញ្ជាបេសកកម្ម សម្រាប់ការធ្វើដំណើរ ឆ្លងកាត់តំបន់ ភូមិសាស្ត្រ នៃរាជធានីភ្នំពេញ ។ លិខិតបញ្ជាបេសកកម្ម ត្រូវចុះហត្ថលេខា ដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន ឬលោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ៕

To Top