ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចូលរួមអនុវត្ត សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ : កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្តអំឡុង ពេលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការ បិទខ្ទប់នេះ បុគ្គលគ្រប់រូប ត្រូវបានហាមមិនឱ្យធ្វើដំណើរ ចេញពីលំនៅឋាន ឫទីសំណាក់របស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការ ហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការ បិទខ្ទប់ត្រូវអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការ ឃាត់ទុក ជាបណ្តោះអាសន្ន នូវមធ្យោបាយធ្វើដំណើរ ដោយអនុលោម តាមបទប្បញ្ញត្តិ និងនិតិវិធីជាធរមាន។ ប៉ុន្តែ ការធ្វើដំណើរចេញក្រៅលំនៅឋាន ឫទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយតម្រូវឱ្យមាន ឯកសារបញ្ជាក់តាមការកំណត់ ដែលមានក្នុងសេចក្តីសម្រេច រីឯការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្រ្តបិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរ ដើម្បីបំពេញមុខងារ ក្នុងការផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច៕

To Top