ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុង ពេលបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ត្រូវបើកប្រាក់ឈ្នួល ដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមជូន កម្មករនិយោជិត។
យោងតាមច្បាប់ស្ដីពី ការងារ ការផ្អាកសកម្មភាព អាជីវកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដោយសារ ការអនុវត្តវិធានការ បិទខ្ទប់ជាបណ្ដោះអាសន្ន នូវភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល នាំឲ្យមានការ ព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិត។
តាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីធានាផលប្រយោជន៍ របស់កម្មករនិយោជិត អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ក្រសួងការងារ ធ្វើការណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់ ដូចខាងក្រោ ៖
ទី១-ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាព ការងារជូនកម្មករនិយោជិត របស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។
ទី២-ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បាន បើកផ្តល់នាពេលកន្លងមក។ ការបើកផ្តល់នេះសូមធ្វើនៅក្រោយពេលចប់ វិធានការបិទខ្ទប់។
និងទី៣-ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូន ដល់កម្មករនិយោជិតរបស់ខ្លួន ទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌ សាមគ្គីភាព និងទំនួលខុសត្រូវសង្គម នៅក្នុងគ្រាលំបាករួមនេះ។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះក៏សូមធ្វើនៅក្រោយ ពេលចប់វិធានការបិទខ្ទប់។
ក្រសួងការងារ ក៏បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការលំបាករបស់ កម្មករ និយោជិត ដែលកំពុងរស់នៅជាក់ស្ដែង នៅតាមបន្ទប់ជួលនៃតំបន់បិទខ្ទប់ រាជរដ្ឋាភិបាលបាន និងកំពុងផ្ដល់ជំនួយសង្គមផ្សេងៗ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ផងដែរ ៕