ភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់កម្ពុជានិយាយជារួម និយាយដោយឡែក បើយើងមកមើលភូមិសាស្ត្រ រាជធានភ្នំពេញ កំពុងផ្ទុះឈានមុខគេ ដែលត្រូវបាន រាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបន្ថែមពីនោះ តំបន់មួយចំនួន ត្រូវចាប់ចូល ជាតំបន់ក្រហមទៀត ខណៈដែលទីតាំងផ្សេងៗ ពីតំបន់ក្រហម ក៏សុទ្ធតែត្រូវបានហាមប្រាមការធ្វើការដំណើរដូចគ្នា ចុះតើតំបន់ក្រហម មានន័យដូចម្តេចទៅ?
តំបន់ក្រហម ជាការកំណត់ពណ៌មួយ សម្រាប់សម្គាល់ លើតំបន់ដែលគ្រោះថ្នាក់ និងងាយគ្រោះថ្នាក់ជាងគេ ដែលទាមទារឲ្មានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយ សញ្ញានេះ ត្រូវបានអនុវត្ត នៅបណ្តាប្រទេស ជាច្រើនរួមមកហើយ ។ បើនិយាយពីការបិទខ្ទប់ ឬLockdown នេះ ស្តាប់ទៅដូចគ្នា ប៉ុន្តែពាក្យថាគ្រោះថ្នាក់ វានឹងមានអ្វីដែលសំខាន់ជាងនេះ ដូច្នេះ អត្ថបទនេះនឹងធ្វើការពន្យល់ពីតំបន់ក្រហមឲ្យទស្សនិកជន កាន់តែជ្រាបច្បាស់ជាងនេះ ។
ការដាក់ឲ្យមានតំបន់ក្រហម មាននៅពេលណា ក្នុងប្រទេសកម្ពុជា និងដាក់នៅតំនប់ណាខ្លះហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ?
តំបន់ក្រហម ត្រូវបានកំណត់ឲ្យអនុវត្តតាមសេចក្តី សម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលេខ០១ សណន ចុះថ្ងៃទី១៩ខែមេសា ឆ្នាំ២០២១ ស្តីពីវិធានការ លម្អិត ដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ហើយតំបន់ក្រហមនេះ បានចាប់ផ្តើមអនុវត្ត នៅថ្ងៃទី១៩ ខេមេសា ឆ្នាំ២០២១នេះតែម្តង សម្រាប់ក្នុងតំបន់មួយចំនួន នៃភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជា សង្កាត់ស្ទឹងមានជ័យ១, សង្កាត់ ស្ទឹងមានជ័យ២, សង្កាត់ស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ ,សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ, ភូមិ១៤ ភូមិ១៦ ភូមិ១៧ របស់សង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក ដែលតំបន់ទាំងអស់នេះ បាននិងកំពុងមានការឆ្លងរាលដាលធ្ងន់ធ្ងរ ។
តើខ្ញុំជាពលរដ្ឋ អាចធ្វើដំណើរបានឬទេ ក្នុងតំបន់ក្រហម ?
តំបន់ក្រហម តម្រូវឲ្យប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរ ត្រូវតែរឹតបន្តឹង រាល់ការធ្វើដំណើរទាំងអស់ ឲ្យបានម៉ឹងម៉ាត់បំផុត ។ ជាក់ស្តែង តំបន់មួយចំនួននៅក្នុងរាជធានី ភ្នំពេញដែលបានដាក់ជាតំបន់ក្រហម បានកំណត់ថា បុគ្គលគ្រប់រូប បានហាមឃាត់ មិនឲ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ ដោយរួមទាំង មិនអនុញ្ញាតឲ្ធ្វើសកម្មភាពកីឡា នៅខាងក្រៅលំនៅឋាន និងទីសំណាករបស់ខ្លួន ខណៈដែលតំបន់ មិនមែនជាតំបន់ក្រហម អាចឲ្យពលរដ្ឋ ធ្វើដំណើរទៅកាន់ផ្សារលក់ទំនិញ និងទទួលសេវាកុម្ម៉ង់តាមអនឡាញ ដោយភ្នាក់ងារដឹកជញ្ជូនបាន ។ ចំពោះករណីនេះ មានការលើកលែងតិចតួចបំផុត សម្រាប់តែការធ្វើដំណើរ ក្នុងមូលហេតុ សុខភាពបន្ទាន់ និងការធ្វើដំណើរ ទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគ រកមេរោគកូវីដ១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ នៅទីតាំងជិតបំផុត ក្នុងតំបន់តែប៉ុណ្ណោះ ដែលកំណត់ដោយ អាជ្ញាធរមានសមត្ថកិច្ច ។
ខ្ញុំជាអ្នកលក់ដូរគ្រឿងបរិភោប អាចនៅបន្តលក់ដូរ នៅតំបន់ក្រហមបានឬទេ?
តំបន់ក្រហម តម្រូវឲ្យរាល់អាជីវកម្មទាំងអស់ ត្រូវតែផ្អាកជាបណ្តោះអាសន្ន ទោះបីជាផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគក៏ដោយ ដែលតំបន់មិនមែនជាតំបន់ក្រហម អាចបើកដំណើរការបាន ដោយអនុវត្ត នូវវិធានការដ្ឋបាល ក៏ដូចជាក្រសួងសុខាភិបាល លើកលែងចំពោះ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ទាំងរដ្ឋនិងឯកជន ដោយរួមទាំងឱសថស្ថានផង, ទីតាំងផលិត នឹងផ្គត់ផ្គង់អាល់កុល អុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាស សម្រាប់ចម្អិតអាហារ, សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់ សេវាផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខាពេទ្យ និងសេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តែប៉ុណ្ណោះ ដែលត្រូវបានលើកឡើង ។ មានន័យថា តំបន់មិនមែនជាតំបន់ក្រហម អាចទទួលសេវាលើសពីនេះ ទាំងអាជីវករ និងពលរដ្ឋធម្មតា។
ចុះក្នុងនាមជាមន្ត្រីមានសម្ថកិច្ច និងបុគ្គលិកមួយចំនួន ដែលស្ថិតក្នុងការអនុញ្ញាតឲ្យដំណើរការ ត្រូវត្រៀមអ្វីខ្លះ ដើម្បីអាចធ្វើដំណើរចេញ-ចូល នៅពេលអនុវត្តភារកិច្ច និងការងារ ក្នុងតំបន់ក្រហម?
មន្ត្រីមានសមត្ថកិច្ច ដែលបំពេញភារកិច្ច ឃ្លាំមើលនិងការពារ ប្រជាពលរដ្ឋ និងបុគ្គលិកសម្រាប់ស្ថាប័នទាំងប៉ុន្មាន ដែលលើកលែង នៅក្នុងការរៀបរាប់នៅខាងលើ នៅតំបន់ក្រហម នៅតែមានអតិភាព ក្នុងការចល័ត ដោយចាំបាច់ជាងគេ គឺមានលិខិតអនុញ្ញាត ពីគណៈកម្មការប្រតិបត្តិ គ.ប.ខ ឬពីស្ថាប័ននិងក្រសួងពាក់ព័ន្ធ តាមការកំណត់ ក្នុងនោះ ការធ្វើដំណើរ របស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ច អនុវត្តវិធានការនានា ក្នុងអំឡុងពេលបិទខ្ទប់ និងការការធ្វើរបស់មន្ត្រីនិងបុគ្គលិក នៃសេវាពន្លត់អគ្គីភ័យ, ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិក នៃសេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងសេវាផ្គត់ផ្គង់ស្បេងរបស់រដ្ឋ, ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកដើម្បីចេញចូល ទីតាំងឃ្លាំងស្តុកទំនិញ យុទ្ធសាស្ត្ររបស់រដ្ឋ ដោយត្រូវភ្ជាប់ ជាមួយនូវលិខិតបញ្ជាបេសកកម្ម ។ រីឯការធ្វើដំណើរ ដែលទាក់ទងនឹងសកម្មភាព ចុះចែកជំនួយសង្គ្រោះបន្ទាន់ ដែលរៀបចំដោយ គ.ប.ខ ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាបេសកកម្ម ដែលចេញដោយគណៈកម្មការ ប្រិតិបត្តិ នៃ គ.ប.ខ, ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិតនឹងផ្គត់ផ្គង់មី , ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, ការធ្វើដំណើររបស់បុគ្គលិកលក់ និងចែកចាយហ្គាស សម្រាប់ចម្អិនអាហារ ត្រូវមានលិខិតអនុញ្ញាត ធ្វើដំណើររបស់គណៈកម្មការ ប្រតិបត្តិនៃគ.ប.ខ ។ ចំពោះការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក ផ្នែកសុខាភិបាលទាំងរដ្ឋនិងឯកជន ដោយរួមទាំងផ្នែកឱសថស្ថាន ដោយមាន លិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល ។
អ្វីដែលចង់បញ្ជាក់នោះ សម្រាប់អ្នកបំពាន នូវបំរាមទាំងនេះ អាចប្រឈមមុខ និងទណ្ឌកម្មរដ្ឋបាល ដោយមានការពិន័យ និងអាចឈានដល់ ការបញ្ជូនសុំណុំរឿង ទៅកាន់តុលាផងដែរ៕