ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន អាជីវករផ្សារដើមគ២នាក់ ម្ដាយកូន ដែលបានលួចចេញ ពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយសុំគោលការណ៍ ពីសាលារាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
អាជីវករទាំង២នាក់រួមមានឈ្មោះ៖ ទី១៖ ឈ្មោះ កុប ម៉ារី អាយុ៦០ឆ្នាំ ជាម្តាយ, ទី២៖ ឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូន។
ប្រភពដដែលបញ្ជាក់ថា ចំពោះករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបានបញ្ជូនបុគ្គលទាំងពីររូបខាងលើឱ្យទៅបន្តធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័កព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយរដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕