ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា នាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបន្ទាន់ ប្រជាពលរដ្ឋ៤០គ្រួសារ រងគ្រោះដោយសារ ខ្យល់កន្ត្រាក់

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តរាល់ថ្ងៃទី ២០ខែមេសា ឆ្នាំ ២០២១នេះ រួមដំណើរ ដោយមន្ត្រីក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះទាន់ ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការសាខា លោក អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ ស្កាត់ ការពារពីការឆ្លង នៃជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” ពិសេស ត្រូវអនុវត្តអោយបាន ខ្ជាប់ខ្ជួន តាមសារណែនាំនានា របស់ក្រសួង សុខាភិបាល ដើម្បីទប់ស្កាត់ខ្សែចម្លង កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលគ្រួសារ និងសហគមន៍ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ ។

ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕

To Top