ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខ ក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន។
ក្នុងពិធីបើកវេទិការបូអាវ សម្រាប់អាស៊ីស្ដីពី «ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» ធ្វើឡើងតាមប្រព័ន្ធវិដេអូ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បច្ចុប្បន្នជំងឺកូវីដ-១៩ បានបន្ដគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសសាធារណៈសកល និងការអភិវឌ្ឍជារួម។
សម្ដេចថា ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវស្ថិភាពនោះទេ ដរាបណា ប្រទេសទាំងអស់ មិនមានសុវត្ថិភាព។
សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការអនុវត្ត ផ្លូវសូត្រសុខភាព ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់ នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងសកម្ម អំពីភាពដឹកនាំសកលរបស់ប្រទេសចិន»។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២,៨លានដូស ដល់កម្ពុជា ដែលក្នុងនោះ ចំនួន ១.៣លានដូស ជាជំនួយមនុស្សធម៌។
សម្ដេចតេជោ បន្ដថា ក្រៅពីជំងឺរាតត្បាតកូវីដ១៩ ពិភពលោកកំពុងប្រឈមបញ្ហាជាច្រើនទៀត ដែល បណ្តាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹង ការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។ ក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្ដេចយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ច សកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។
សម្ដេចតេជោ បន្ថែមថា កម្ពុជាទទួលស្គាល់នូវតួនាទីស្នូល នៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង។ សម្ដេចថា ក្នុងបរិការណ៍នេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែ សកម្មនៅគ្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ ៕