ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ស្នើថ្នាក់ដឹកនាំ នៃសាលាជម្រះក្ដី គ្រប់ជាន់ថ្នាក់ ជាពិសេសនោះ សាលាដំបូង រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវរៀបចំ និងសម្របសម្រួល ឱ្យមានការ ទទួលពាក្យបណ្ដឹង តាមប្រព័ន្ធអេឡិចត្រូនិក ។
សូមរំលឹកថា នាពេលកន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញ ជាបន្តបន្ទាប់នូវវិធានការនានា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដែលវិធានការនេះ រួមមានការ បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំង ការហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ ព្រំប្រទល់ រាជធានី-ខេត្ត នៅកម្ពុជា ដែលនាំឱ្យការធ្វើដំណើរផ្លាស់ទីពី តំបន់មួយទៅតំបន់ មួយទៀតត្រូវបាន ហាមឃាត់ ឬរឹតត្បិតជាបណ្តោះ អាសន្ន ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងយុត្តិធម៌ កាលពីពេលថ្មីៗនេះ លោក កើត រិទ្ធ បានឲ្យដឹងថា ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋ ដែលជាភាគីនៃបណ្ដឹង ឬមេធាវីតំណាង ដោយអាណត្តិ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ និងមិនអាចធ្វើដំណើរបាន មិនអាចអនុវត្តនីតិវិធីប្តឹង ឧបាស្រ័យដោយផ្ទាល់ នៅសាលាជម្រះក្តី បាន ស្របតាមច្បាប់ និងនីតិវិធីជាធរមាននោះទេ ។
លោក បញ្ជាក់ថា «អាស្រ័យហេតុនេះ ដើម្បីធានាការពារ នូវសិទ្ធិស្របច្បាប់ របស់គូភាគី ក្នុងការធ្វើបណ្តឹងឧបាស្រ័យ ឱ្យបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិ ស្តីពីនីតិវិធីជាធរមាន ក្រសួងយុត្តិធម៌ ស្នើសុំ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ជាពិសេសសាលាដំបូង រាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល និង សាលាឧទ្ធរណ៍ភ្នំពេញ ពិនិត្យ រៀបចំ និងសម្របសម្រួល ឱ្យមានការទទួលពាក្យ បណ្ដឹង ឧបាស្រ័យនានាពីភាគី ឬមេធាវីតំណាង ដោយអាណត្តិ តាមប្រព័ន្ធអេឡិចត្រូនិចជាមុន នៅក្នុងរយៈពេលដែល កំពុងអនុវត្តវិធានការ បិទខ្ទប់និងការហាមឃាត់ការធ្វើដំណើរខាងលើនេះ និងទទួលយកច្បាប់ដើមនឯកសារ ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរដោយ ផ្ទាល់ពីភាគីម្ចាស់បណ្តឹង ឧបាស្រ័យ ឬមេធាវីតំណាងដោយអាណត្តិ ក្រោយ ពេលដែលវិធានការបិទខ្ទប់ត្រូវបានបញ្ចប់ ហើយការធ្វើដំណើរ ត្រូវបានអនុញ្ញាតជាប្រក្រតីឡើងវិញ»។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានណែនាំថ្នាក់ដឹកនាំ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យ និងរៀបចំសម្រួល នីតិវិធីសម្រាប់ ទទួលពាក្យបណ្តឹង ជាបណ្តោះអាសន្នតាមប្រព័ន្ធអនឡាញ និងដាក់បង្ហាញលេខទូរស័ព្ទសម្រាប់ទាក់ទង និងទទួល ពាក្យបណ្ដឹងឧបាស្រ័យ នានារបស់ភាគីនៃបណ្ដឹង ឬមេធាវីតំណាងដោយអាណត្តិ ព្រមទាំងត្រូវធ្វើការជូនដំណឹង និងផ្សព្វផ្សាយនូវការអនុវត្តគោលការណ៍នេះ ជាសាធារណៈឱ្យបានឆាប់រហ័ស និងឱ្យបានទូលំទូលាយ ៕


