ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋលើកតម្កើង សរសើរ ទោះបី មើលមិនឃើញសត្រូវអត់ស្រមោលក៏ពិតមែន តែលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានកោតសរសើរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយ:ចុងក្រោះនេះ កម្ពុជាក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។
លោកស្រី បញ្ជាក់ថា «ក្នុងការចូលរួមបុព្វហេតុនេះ ក្មួយៗបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅ លើកតម្កើងសរសើរព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែន តែក្មួយៗក្លាហានហ៊ានប្រឈម ដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិជាធំ»។
លោកស្រី បន្ដថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។ សេចក្តីក្លាហានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលទុកដល់អ្នកជំនាន់ក្រោយបាន ដឹងឭពីការលះបង់នេះ ដើម្បីសុខភាពប្រជាជន ភាពសុខដុមរម្យនារបស់កម្ពុជា និងពិភពលោកទាំងមូល។
លោកស្រី ឱ វណ្ណឌីន ជឿជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ត្រូវតែរឹងមាំ និងបន្តមានសង្ឃឹមថា ជីវិតប្រជាជនច្រើនទៀតគឺ ស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗ ដែលនឹងត្រូវទៅផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នាពេលនេះ និងបន្តទៅខាងមុខទៀតដែលក្មួយៗ នឹងក្លាយជាអ្នកមានបទពិសោធន៍ លើការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជម្ងឺរាប់ពាន់នាក់ទៀត នៅថ្ងៃអនាគត ៕