ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា បើកម៉ូតូបុកប៉ារ៉ាស់ ពេលបិទខ្ទប់ និងជេរប្រមាថសមត្ថកិច្ច ព្រមទាំង បុរស៦នាក់ទៀត ជួបជុំគ្នាផឹកស៊ីល្មើស បម្រាមរាជរដ្ឋាភិបាល ហើយបង្កបញ្ហាជាមួយ សមត្ថកិច្ច ត្រូវបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ មេសា ថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបើកបរម៉ូតូបុក ប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាទ និងវាយបង្ករបួសស្នាមមកលើ សមត្ថកិច្ច ត្រូវបានបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃ២០ មេសា ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់ បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួស ស្នាមមកលើសមត្ថកិច្ច។
ដោយឡែក បុរស៦នាក់ទៀត ជួបជុំផឹកគ្នាស៊ីល្មើស នឹងច្បាប់ ហើយបង្កបញ្ហា ជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា បុរសទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៩ មេសា បន្ទាប់ពីបានទទួលព័ត៌មានថា បានជួបជុំផឹកស៊ី ផ្ទុយពីច្បាប់ស្តីពី ការប្រឆាំងនឹងជំងឺកូវីដ១៩ ដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំង ដើម្បីចាប់ឃាត់ខ្លួនជនផឹកស៊ីទាំងនោះ យកមកអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕