ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន បានលើកឡើងថា នៅពេលប្រទេសជាតិ ស្ថិតក្នុងគ្រាអាសន្ន យើងគួរនាំគ្នា ជួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រតិបត្តិ ៣កុំ ៣ការពារ និងគោរពតាមវិធានការ បិទខ្ទប់ ពីព្រោះពេលនេះ គាត់មានភារកិច្ចដឹកនាំប្រទេស ហើយកំពុងខំប្រឹង ធ្វើការយ៉ាងខ្លាំង ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែ មេសា នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា “ជារឿងសំខាន់ និងចាំបាច់ណាស់ ដែលខ្មែរមាននិន្នាការ នយោបាយផ្សេងគ្នា តែចេះពួតដៃគ្នា ប្រយុទ្ធនឹងសត្រូវរួម ពេលស្រុកទេសមានអាសន្ន ។ ជាមួយនេះយើងក៏បន្តតាមដាន ឃ្លាំមើលរបៀបចាត់ចែង គ្រប់គ្រង គ្រោះអាសន្នរបស់គាត់ និងធ្វើការទិតៀន ក្នុងបំណងស្ថាបនា នូវចំណុចខ្វះចន្លោះ ទាំងឡាយ ដើម្បីជាប្រយោជន៍ រួមដល់ខ្មែរទាំងអស់” ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងបន្ថែមថា ក្រោយចប់គ្រោះអាសន្ន ការប្រកួតប្រជែង នយោបាយ តាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវបន្តទៅមុខ៕