ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៨នាក់ ក្រោយបើករថយន្ត បំពានបម្រាម ចូលខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ រថយន្តម៉ាក ហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ ទាំងអ្នកបើកបរផង ត្រូវបាន សមត្ថកិច្ចឃាត់ យកមកធ្វើការសួរនាំ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាងលើនេះ បានបំពានបំរាម នៅចំណុចគោលដៅ សមត្ថកិច្ចឈរជើង ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង។ នេះបើតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ ។

លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការ នគរបាលស្រុករលាប្អៀរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា រថយន្តម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ ការធ្វើដំណើរ ចេញចូល ពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះ បានបំពានបម្រាមបើកឆ្លងកាត់ ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចឈរជើង នៅគោលដៅនោះឡើយ។

លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជា ពីលោកស្នងការ ឲ្យសហការជាមួយអ ធិការស្រុកកំពង់ត្រឡាច ចុះឃាត់រថយន្តខាងលើនេះ ដែលបានបំពានបំរាម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរភ្លាមនោះ កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយនឹង សមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចុះឃាត់រថយន្ដខាងលើនេះបាន នៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូតស្រុករលាប្អៀរ និងបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។

បន្ទាប់ពីធ្វើការសាកសួររួចរាល់ លោកស្នងការ ក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញ ដោយមានកម្លាំងសន្តិសុខ បើករថយន្តជូនរហូតឆ្លងគោលដៅ ដែលសមត្ថកិច្ចកំពុងឈរជើង នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងផងដែរ ៕

To Top