ភ្នំពេញ ៖ មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយម្ចាស់ទីតាំងប្រជុំមិត្ត ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ប្រទះឃើញ សាកសពជនជាតិបារាំងម្នាក់ បានស្លាប់រហូតមានក្លិនស្អុយ ។
ក្រោយឃើញបែបនេះម្ចាស់ផ្ទះ បានរាយការណ៍ទៅសមត្ថកិច្ច ខណៈអភិបាលខេត្ត ក៏បានដាក់បទបញ្ជា មិនឲ្យអ្នកដែលនៅក្នុងបរិវេណនេះ ចាក់ចេញឡើយ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ។
យោងតាមសេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំ រាយការណ៍ជូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចែកចាយ លើបណ្តាញសង្គម នាថ្ងៃទី២០ មេសានេះ បានឲ្យដឹងថា “មានជនជាតិបារាំង ម្នាក់ បានស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធំក្លិនស្អុយ ទើបម្ចាស់ផ្ទះដឹង ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង” ។
សេចក្តីរាយការណ៍ដដែលនេះ បន្តថា តាមការបញ្ជាក់ របស់អ្នកមើលការផ្ទះសំណាក់ បានឲ្យដឹងថា ជនជាតិ បារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់ មាន រយៈពេលជាង២ឆ្នាំហើយ ។ ភ្លាមៗនោះសមត្ថកិច្ច បានចុះមកធ្វើកោសល្យវិច័យ ចំណែកក្រុមគ្រូពេទ្យ បានចុះមកយកសំណាកបន្ទាន់ផងដែរ ។
ក្នុងនោះសមត្ថកិច្ចបញ្ជាក់ថា លោកអភិបាលខេត្តកំពង់ឆ្នាំងបានដាក់បទបញ្ជា គឺមិនអនុញ្ញាតឲ្យអ្នកដែល នៅក្នុងបរិវេណនៃផ្ទះសំណាក់នេះ ចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ចំណែកសាកសព ត្រូវបានក្រុមគ្រូពេទ្យ យកសំណាកទៅពិនិត្យផងដែរ៕