ព័ត៌មានជាតិ

អ្នកវិភាគ ៖ អាជ្ញាធរ គួរអនុញ្ញាតឲ្យអាជីវករ ដឹកបន្លែ ត្រី សាច់លក់ តាមភូមិសាស្ត្រ ដែលបិទខ្ទប់ ខណៈ មានការបញ្ឈប់ នាំមកពីវៀតណាម (Video)

ភ្នំពេញ៖ លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងថា អាជ្ញាធរគួរតែអនុញ្ញាតឲ្យ អាជីវករដឹកបន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័ត លក់តាមភូមិ នៅក្នុងរាជធានីភ្នំពេញ និងទីក្រុង ដែលត្រូវបានបិទខ្ទប់ ដើម្បីជំរុញដល់ផលិតកម្មបន្លែ ត្រី សាច់ នៅក្នុងស្រុក ខណៈ មានការបញ្ឈប់ នាំមកពីវៀតណាម ជាបណ្ដោះអាសន្ន ។

ការលើកឡើង របស់អ្នកវិភាគសេដ្ឋកិច្ចបែបនេះ ធ្វើឡើងបន្ទាប់ពីមានកាសែត ក្នុងស្រុកចុះផ្សាយថា បន្លែនៅចម្ការ ចុះថោកដោយខ្វះអ្នកទិញ ពីព្រោះផ្សារជាង ៣០ នៅទូទាំងប្រទេស ត្រូវបានបិទ ។

លោក ចាន់ សុផល បញ្ជាក់ថា «រីឯបន្លែនៅទីក្រុងភ្នំពេញ ឡើងថ្លៃ ដោយខ្វះអ្នកលក់ ។ តម្រូវការ បន្លែស្រស់នឹងកើនឡើង ក្រោយពេលប្រជាពលរដ្ឋ បានបរិភោគមីកញ្ចប់ ត្រីខកំប៉ុង ឬអាហារក្រៀមអស់មួយ ឬពីរសប្តាហ៍។ ដូច្នេះគួរមានការជំរុញ ឲ្យមានការលក់បន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័ត តាម ភូមិ នៅក្នុងរាជធានីភ្នំពេញ និងទីក្រុង ដែលត្រូវបានបិទខ្ទប់» ។

លោកគូសបញ្ជាក់បន្ថែមថា «ខ្ញុំយល់ថា អាជ្ញាធរគួរអនុញ្ញាត ឲ្យអាជីវករបែបនេះ ធ្វើការចល័តបាន ដោយសេរី ។ អាជ្ញាធរគួររៀបចំបង្កើតផ្សារ លក់ដុំ ជាបណ្តោះអាសន្នថែមទៀត ក្រៅពី នៅទីក្រុងតាខ្មៅ ដើម្បីអាជីវករអាចទៅទិញ ទំនិញ យកមក ជិះលក់ តាមភូមិ និងដើម្បីជាទីផ្សារ សម្រាប់លក់បន្លែ របស់កសិករផង» ។

លោកថ្លែងថា ការធ្វើដូច្នេះ នឹងជំរុញដល់ផលិតកម្មបន្លែ ត្រី សាច់ នៅក្នុងស្រុក ខណៈដែលមានការបញ្ឈប់ នាំមកពីប្រទេស វៀតណាម ជាបណ្ដោះអាសន្ន ។ ប្រសិនបើយន្តការនេះត្រូវបានអនុវត្តបានល្អ អាចឈានទៅជាភាព ឈ្នះយូរអង្វែងផង ក្នុងការជំនួសឲ្យការនាំចូលបន្លែ គីមីមួយចំនួនធំ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top