កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយ ជាថវិកា និងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។
អំណោយដែលបានប្រគល់ ជូនគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ មានដូចជាថវិកា ៣.០០០ ដុល្លារ និង ២លានរៀល អាល់កុល ៣កាន មី ៤កេសធំ និង ៣០កេសតូច ម៉ាស ២៥០ប្រអប់ ទឹកបរិសុទ្ធ ២៨០កេស និង៥០០យួរ ទឹកក្រូច ៣០កេស ។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នា នាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការ ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ ។
សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ជំងឺកូវីដ១៩ សំរាប់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម មានអ្មកជំងឺកូវ៏ដ១៩ ចំនួន ១០នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ករណីឆ្លងថ្មីគ្មាន និងជាសះស្បើយ ២នាក់។ អ្នកកំពុងធ្វើចត្តាឡឺសក័ សរុប ៧០៧នាក់ (ស្រី ៣១៩នាក់) នៅសាលាគរុកោសល្យ ៣៥២នាក់ (ស្រី១៤៣នាក់) នៅមន្ទីរពេទ្យស្រីសន្ធរ៥៤នាក់(ស្រី២៤នាក់) និងនៅតាមផ្ទះ ៣០១នាក់(ស្រី ១៥១) ។