ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០.០០០ ដុល្លារដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នេះយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។
លិខិតបន្តថា ថ្នាក់ដឹកនាំវៀតណាម បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជានឹងអាចជម្នះបាននូវការ លំបាកបង្កដោយរោគរាតត្បាតនេះដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន ក្នុងពេលឆាប់ៗខាងមុខ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ប្រជាជន វៀតណាមដែលបានផ្តល់នូវជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្រសួងការបរទេសកម្ពុជា លើកឡើងទៀតថា ការផ្ដល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែ បានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រជាជាតិ ទាំងពីរផងដែរ៕