ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណបញ្ជាការខេត្ត បានបញ្ជាឱ្យអាជ្ញាធរក្រុងស្រុក រួមជាមួយកងកម្លាំង ត្រូវចាប់ខ្លួន ចំពោះអ្នកបំពាន បម្រាមការឆ្លងចេញចូល ព្រំប្រទល់ បញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់ ខណៈការបិទចេញចូលខេត្តបាត់ដំបង ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំទប់ស្កាត់ ការលួចឆ្លងព្រំប្រទល់ខេត្ត និងពិនិត្យស្ថានភាព ព្រំប្រទល់នៅចំណុចស្រុករុក្ខគិរី ខេត្តបាត់ដំបង ទល់ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ងួន រតនៈ បានមានប្រសាសន៍ថា «អាជ្ញាធរតាមបណ្ដាស្រុក ជាប់នឹងខេត្តជិតខាង ត្រូវចាត់កម្លាំងត្រួតពិនិត្យ នៅផ្លូវតូចៗតាមភូមិ ឬនៅចំណុចមុខសញ្ញា តែងតែមានការលួចឆ្លង ដោយមានការបែកចែកគ្នា ប្រចាំនៅតាមផ្លូវទាំងអស់នោះ កុំឲ្យមានការលួចឆ្លងព្រំប្រទល់តទៅទៀត »។

លោកបានបញ្ជាក់ថា «បើរកឃើញនៅតាមមូលដ្ឋាន មានអ្នកទើបលួចឆ្លងព្រំប្រទល់ មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា បើពុំមានករណីសង្ស័យពាក់ព័ន្ធ នឹងបញ្ហាជំងឺកូវីដ១៩ទេ គឺត្រូវបញ្ជូនពួកគេ ទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់ ដោយមិនត្រូវបណ្ដែតបណ្ដោយ បន្តទៀតនោះទេ ព្រោះការលួចឆ្លងព្រំប្រទល់ មកបែបនេះ គឺមានហានិភ័យណាស់» ។

ឆ្លៀតក្នុងឱកាសនោះ លោក ងួន រតនៈ បានអំពាវនាវដល់ ពលរដ្ឋរស់ខេត្តបាត់ដំបង ត្រូវប្រាប់បន្តទៅកូនចៅ សាច់ញាតិរបស់ខ្លួន កុំបន្តលួចឆ្លងព្រំប្រទល់ទៀត ព្រោះបើនៅតែប្រព្រឹត្ត អាជ្ញាធរខេត្តនឹងចាត់វិធានការ តាមនីតិវិធីច្បាប់ ដោយអាជ្ញាធរធ្វើបែបនេះ ដើម្បីកុំឲ្យជំងឺកូវីដ១៩ ឆ្លងកាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា ។

