ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្ដល់ជំនួយវ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២សែនដូស មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោករដ្ឋមន្រ្តី ក្រសួងកសិកម្ម និងកិច្ចការជនបទ ដែលបានផ្តល់ជំនួយវ៉ាក់សាំងនេះ ដល់កម្ពុជា។
យោងតាមហ្វេសប៊ុកលោករដ្ឋមន្ត្រី វេង សាខុន នារសៀលថ្ងៃទី២២ មេសានេះ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីរីករាយយ៉ាងខ្លាំង និងសូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១០០ ០០០ (មួយសែន) ដូស បន្ថែមទៀត ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល វ៉ាក់សាំងជម្ងឺសាទឹក ពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០០ ០០០(មួយសែន) ដូស រួចមកហើយ ដែលជាការផ្តល់ដំណាក់កាលទី១ ។ រហូតមកដល់ពេលនេះវ៉ាក់សាំង ជម្ងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់និងចាក់វ៉ាក់សាំង ដល់សត្វគោក្របីរបស់កសិករ នៅតាមបណ្តារាជធានី/ខេត្ត អស់ចំនួន ៤៧ ០០០ ដូស រួចហើយ ដែលមកទល់ពេលនេះ គឺបានធ្វើឱ្យសត្វគោក្របីដែលបានចាក់វ៉ាក់សាំងហើយនោះ មានសុខភាពល្អប្រសើរ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបញ្ជាក់ថា វ៉ាក់សាំង ជំងឺសាទឹក និងអ៊ុតក្តាមនេះ ត្រូវបានផលិតយ៉ាងពិសេស សម្រាប់លក្ខខ័ណ្ឌអាកាសធាតុ នៃប្រទេសកម្ពុជា ដូច្នេះយើងមានជំនឿជឿជាក់យ៉ាងមុតមាំថា វ៉ាក់សាំងទាំងនេះ នឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុត ដែលមិនធ្លាប់មានពីមុនមក ៕