ភ្នំពេញ: ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ ទីភ្នាក់ងារជំនួយអាមេរិក USAID នៅកម្ពុជា បានផ្តល់ថវិកាគាំទ្រគម្រោងថ្មីមួយ សម្រាប់រយៈពេល ៥ ឆ្នាំ ប្រឆាំងនឹងការជួញដូរមនុស្ស ដើម្បីដោះស្រាយបញ្ហាឬសគល់នៃការជួញដូរមនុស្ស នៅកម្ពុជា។
គម្រោងនេះ ដែលដំណើរសកម្មភាពការងារដោយអង្គការ Winrock International និងដៃគូរបស់អង្គការនេះ នឹងធ្វើការងារគាំទ្រដល់ការការពារក្រុមជនរងគ្រោះ និងក្រុមមនុស្សងាយរងគ្រោះបន្ថែមទៀត ពីការជួញដូរ និងការរំលោភធ្វើបាប ការពារក្រុមមនុស្សប្រឈមនឹងគ្រោះថ្នាក់មិនឲ្យធ្វើចំណាកស្រុកដែលមានគ្រោះថ្នាក់ ហើយជួយជនរងគ្រោះដោយការជួញដូរមនុស្ស។
លោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID នៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការជួញដូរមនុស្សគឺជាឧស្សាហកម្មធំបំផុតមួយក្នុងចំណោមឧស្សាហកម្មធំបំផុតទាំងឡាយ ក្នុងពិភពលោក ហើយវាប៉ះពាល់ដល់មនុស្សដែលងាយរងគ្រោះបំផុត នៅក្នុងសង្គមរបស់យើង។ ចំនួន ៧០% នៃជនរងគ្រោះដែលត្រូវបានរកឃើញ គឺជាស្រ្តី និងកុមារី ហើយអំពើដ៏គួរឲ្យខ្លាចនេះ បំផ្លាញនីតិរដ្ឋ ធ្វើឲ្យខូចដល់ពាណិជ្ជកម្មអន្តរជាតិ បន្តធ្វើឲ្យមានវិសមភាពយេនឌ័រ ហើយគំរាមកំហែងដល់សន្តិសុខពិភពលោក។ គម្រោងរយៈពេល ៥ ឆ្នាំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារប្រជាជនកម្ពុជាពីបញ្ហានេះ»។
ទីភ្នាក់ងារ USAID និងអង្គការ Winrock International នឹងធ្វើការជាមួយសង្គមស៊ីវិល និងដៃគូខាងរដ្ឋាភិបាលកម្ពុជា ពិសេសគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងខេត្តក្រុងចំនួន ៨ គឺក្រុងភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងខេត្តព្រៃវែង។ ការផ្តល់ថវិកាឲ្យនៅថ្ងៃនេះ ពង្រឹងបន្ថែមលើការជួយគាំទ្ររបស់ទីភ្នាក់ងារ USAID នៅក្នុងរយៈពេលជិត ២០ ឆ្នាំមកនេះ ក្នុងកាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅកម្ពុជា៕