Covid-19

អភិបាលរាជធានី បន្តអំពាវនាវឲ្យពលរដ្ឋ​ ចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩ ដើម្បីទីក្រុងភ្នំពេញ បើកឡើងវិញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់បងប្អូនកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យការបិទខ្ទប់ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃនេះ ឆាប់បានបើកឡើងវិញ។

នេះជាការអំពាវនាវ របស់លោក ឃួង ស្រេង ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូន​ ប្រជាពលរដ្ឋ ចំនួន ២.១៦៣គ្រួសារ​ ដែលរស់នៅ ក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលសង្កែទី១ ចំនួន ១.៦៦៣គ្រួសារ និងសង្កាត់ទួលសង្កែ ទី២ចំនួន ៥០០គ្រួសារ នៃខណ្ឌឫស្សីកែវ នាថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២១នេះ។

ក្នុងនោះលោក​ អភិបាលរាជធានីភ្នំពេញ​ លើកឡើងថា ការចូលរួមរបស់បងប្អូន កម្មករ កម្មការិនី​ និងប្រជាពលរដ្ឋទាំងអស់ ពិតជាមានតម្លៃខ្លាំងណាស់ ធ្វើឱ្យការបិទខ្ទប់រាជធានីភ្នំពេញ ប្រើប្រាស់រយៈពេលខ្លី ។ ដូច្នេះសូមបងប្អូនទាំងអស់ ចូលរួមសហការ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយឲ្យបាន នូវការរីករាលដាល នៃជំងឺកូវី-១៩ និងឆាប់បានបើកក្រុងភ្នំពេញ មកប្រក្រតីភាពឡើងវិញ ។

លោក ឃួង ស្រេង បញ្ជាក់ថា ការបិទខ្ទប់លំនៅដ្ឋាន រ​បស់បងប្អូនមិនឲ្យធ្វើការចល័ត ពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ពីរខណ្ឌមួយទៅខណ្ឌនេះ ពិតជាធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ មានការឈឺចាប់ និងលំបាកហើយ ។ ប៉ុន្តែយើងធ្វើនេះ គឺដើម្បីរក្សាអាយុជីវិត បងប្អូនប្រជាពលរដ្ឋ ឱ្យបានរស់រានមានជីវិតសិន ។ ក្រោយព្រឹត្តិការណ៍កូវីដ-១៩ យើងនឹងដំណើរការ បើករាជធានីភ្នំពេញឡើងវិញ នៅពេលបើក រាជធានីភ្នំពេញ ឡើងវិញនោះ នោះការបើកអាជីវកម្ម ផ្សារ និងរោងចក្រនានា ក៏ត្រូវតែបើកដំណើរការ ព្រមៗគ្នាផងដែរ ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ​ មិនចង់អនុវត្ត នូវការផាកពិន័យ ពី១លានរៀល ទៅ៥លានរៀល ចំពោះការល្មើស នឹងបំរាមរបស់រាជរដ្ឋាភិបាលនោះទេ ។ ដូច្នេះសូមបងប្អូនទាំងអស់ យោគយល់និងចូលរួម សហការជាមួយអាជ្ញាធរ រាជធានី ដូចជារដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់ឲ្យបាន នូវការឆ្លងនៃជំងឺកូវីដ-១៩នេះ ។

គួរបញ្ជាក់ថា អំណោយទាំងនោះ រួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខ មួយយួរ ក្នុងមួយគ្រួសារ៕

To Top