ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា នេះគឺជាកិច្ចពិភាក្សាកម្រិតខ្ពស់មួយ ដែលមានការចូលរួម ក្នុងចំណោមតួអង្គសំខាន់ៗ រួមមាន សមាគម អង្គការសង្គមស៊ីវីល និងអង្គភាពពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ ការសហការ ដើម្បីឆ្លើយតប ទៅនឹងកិច្ចគាំពារសង្គម ចំពោះផលប៉ះពាល់ នៃវីរុសកូវីដ-១៩ ចំពោះអាជីវកម្មខ្នាតតូច និងបង្កើតផែនការ សកម្មភាពរួមគ្នាផងដែរ ។

លោក បានបញ្ជាក់ថា ដើម្បីកំណត់សកម្មភាព ដែលអាចគាំទ្រ ក្នុងការទទួលបាន កិច្ចគាំពារសង្គម និងអាចចុះបញ្ជីមក ប.ស.ស. ទៅលើការថែទាំសុខភាព សមាគម ឬអង្គការវិជ្ជាជីវៈ និងកម្មករនិយោជិត ក្រៅប្រព័ន្ធទាំងអស់ ត្រូវអនុវត្តតាម សេចក្តីណែនាំលេខ១៤២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីនីតិវិធីនៃការចុះបញ្ជី កម្មក រនិយោជិត ក្រៅប្រព័ន្ធក្នុងបេឡាជាតិ សន្តិសុខសង្គម ដើម្បីទទួលបានប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ត្រូវបានកំណត់ ដូចខាងក្រោម ៖
-ចំពោះសមាគម ត្រូវមានអាជ្ញាប័ណ្ណទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ
-ចំពោះអង្គការវិជ្ជាជីវៈ ត្រូវមានវិញ្ញាបនប័ត្រ ចុះបញ្ជីអង្គការវិជ្ជាជីវៈ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-ចំពោះកម្មករនិយោជិត ក្រៅប្រព័ន្ធ ដែលជាសមាជិក របស់សមាគម ឬ អង្គការវិជ្ជាជីវៈ ត្រូវមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតបញ្ជាក់ អំពីមុខរបរ និងទីលំនៅបច្ចុប្បន្ន ដែលចេញដោយអាជ្ញាធរ រាជធានីខេត្ត តាមនីតិវិធី។
លោកក៏បានបញ្ជាក់ ឱ្យដឹងទៀតថា ការអនុវត្តលើការ ថែទាំសុខភាព តាមប្រព័ន្ធមូលនិធិ សមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិត ក្រៅប្រព័ន្ធ ប.ស.ស. រហូតមកដល់បច្ចុប្បន្ននេះ ធ្វើការចុះបញ្ជី បានចំនួន ៩៤៦សហគ្រាស មានសមាជិក សរុបចំនួន ៩៤ ៣៨៨នាក់ ស្រីចំនួន ២០ ៣៦៨នាក់ ដែលក្នុងនោះរួមមាន៖
-មន្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធាន អនុប្រធាន សមាជិកភូមិ ចំនួន ៥២ ៤៨២នាក់
-កីឡាករ កីឡាការិនី ចំនួន ១ ១៨៣នាក់
-អ្នកធាក់ស៊ីក្លូ អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ៣៦ ៧៧០នាក់
-ផ្សេងៗ (អ្នកធ្វើការរតាមផ្ទះ លក់ដូរចាប់ហួយ…) ចំនួន ៣ ៩៥៣នាក់
ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនង សាធារណៈ នៃ ប.ស.ស. បានបន្តថា ក្នុងកិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ យើងទាំងអស់គ្នា នឹងទទួលបាននូវអ្វីដែលថ្មី តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍គ្នា ទៅវិញទៅមក និងសង្ឃឹមយ៉ាងមុតមាំថា អង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ក្នុងកិច្ចពិភាក្សាមួយនេះ កាន់តែបង្កើនកិច្ចសហការ រវាងគ្នាឱ្យកាន់តែ ស្អិតរមួតបន្ថែមទៀត ដើម្បីធានាបាននូវភាពល្អប្រសើរ ក្នុងការបង្កើតផែនការ សកម្មភាពរួមគ្នា ឆ្លើយតបទៅនឹង កិច្ចគាំពារសង្គម ចំពោះផលប៉ះពាល់ នៃវីរុសកូវីដ-១៩ ក្នុងស្ថានភាព កំពុងរីករាលដាល កាន់តែខ្លាំង នាពេលបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ត្រូវបានរៀបចំឡើង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលប្រព្រឹត្តទៅ នៅអង្គការផេក (PACT) ដោយមានវត្តមានចូលរួម ពីតំណាងអង្គការសំខាន់ៗ ដូចជា អង្គការអន្តរជាតិ ខាងការងារ (ILO), អង្គការ Gret, អង្គការ API, AFD, UNDP, CPDD, IDEA, និងអង្គការសង្គមស៊ីវីល ជាតិ-អន្តរជាតិ រួមទាំងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០នាក់ ៕







