ព័ត៌មានជាតិ

ពលរដ្ឋ នៅតំបន់ក្រហម មិនសហការ ជាមួយមន្ដ្រី សុខាភិបាល ដើម្បីយកសំណាក នឹងពិន័យ១លាន ទៅ៥លានរៀល

ភ្នំពេញ ៖ លោក គឹម សនិ្តភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម មិនសហការ ជាមួយមន្ដ្រីសុខាភិបាល ដើម្បីយកសំណាក់ ទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវពិន័យចាប់ពី ១លានរៀល ទៅ៥លានរៀល ។

ក្រសួងយុត្តិធម៌ បានឲ្យដឹងបែបនេះ ក្រោយពីរដ្ឋបាល រាជធានីភ្នំពេញ ចេញសេចក្ដីណែនាំស្ដីពី ការប្រមូលសំណាក តេស្ដរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅ ក្នុងភូមិសាស្ដ្រ «តំបន់ក្រហម» នៅរាជធានីភ្នំពេញ។

ដើម្បីឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ លោក គឹម សនិ្តភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ថា «សូមជម្រាបជូនថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ច ក្នុងការយក សំណាកសម្រាប់បងប្អូន ដែលកំពុងរស់នៅ ក្នុងតំបន់ក្រហម! ហេតុនេះសូមចូលរួមសហការ ជាមួយសមត្ថកិច្ច ក្នុងការផ្តល់សំណាកតាមគោលដៅ ដែលបានរៀបចំ ! បុគ្គលដែលមិនសហការ ជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល» ។

លោក ក៏បានបញ្ជាក់ថា ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ច ក្នុងការឱ្យមន្រ្តីសុខាភិបាល យកសំណាកទៅវិភាគ រកមេរោគកូវីដ-១៩ នោះទេ ៕

To Top