ព័ត៌មានជាតិ

សម្ដេចតេជោ ចូលរួមរំលែកទុក្ខ ចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងឧបទ្ទវហេតុ លិចនាវាមុជទឹក ក្នុងលំហសមុទ្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនូវឧបទ្ទវហេតុ លិចនាវាមុជទឹក ក្នុងលំហសមុទ្រ។

ការថ្លែងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងនៅក្នុងជំនួប ពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សូមរំលឹកថា នាវាមុជទឹក ឈ្មោះKRI Nanggala-402 ដែលមានមនុស្សនៅក្នុងនោះចំនួន ៥៣នាក់ បានបាត់ការទាក់ទង នៅក្នុងដែនទឹក ស្ថិតនៅភាគខាងជើងនៃកោះបាលី ក្នុងអំឡុងពេលធ្វើលំហាត់ សមយុទ្ធមួយ កាលពីប៉ុន្មានម៉ោងកាលពីថ្ងៃពុធ ដែលវាមានទីតាំងចុងក្រោយបង្អស់ នៅចម្ងាយប្រមាណ ៦០ម៉ាយ ស្ថិតនៅភាគខាងជើងនៃ ដែនកោះទេសចរណ៍មួយនេះ ។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរ ទស្សន:គ្នាសំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះ ការរីកចម្រើន នៃទំនាក់ទំនង ទ្វេភាគីនិងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ បានថ្លែង អំណរគុណគ្នា ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្រ្តីការទូត និងប្រជាជន ដែលរស់នៅក្នុងប្រទេស ឥណ្ឌូនេស៊ីនិងកម្ពុជា ហើយបានយល់ស្រប អំពីសារ:សំខាន់ពីទំនាក់ទំនង ជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតនេះដោយជឿជាក់ថា ប្រទេសទាំងពីរ នឹងយកជ័យជំនះ លើវិបត្តិសុខភាពនេះ ហើយនឹងរីកចម្រើនលឿន រហ័សដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី និង លោកប្រធានាធិបតី បានស្របមតិគ្នា ជុំវិញសារ:សំខាន់ក្នុងការរក្សាឲ្យបាន សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់អាស៊ាន ព្រមទាំងបានអះអាងសាជាថ្មីនូវឆន្ទះ ក្នុងការធ្វើការរួមគ្នា សំដៅដោះស្រាយ បញ្ហាប្រឈមទាំងឡាយក្នុងតំបន់។

នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបជូន លោកប្រធានាធិបតី ពីការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនូវឧបទ្វវហេតុ លិចនាវាមុចទឹក ក្នុងលំហសមុទ្រ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកប្រធានាធិបតី ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេស កម្ពុជាដែលកាលពីជាងមួយឆ្នាំមុន កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែប្រមាណមិនដល់ ៥០០នាក់ តែ បច្ចុប្បន្នមានការកើនឡើង ដ៏គួរអោយព្រួយបារម្ភបំផុត និងរហូតមានអ្នកបាត់បង់ជីវិត ដ៏ច្រើនផងដែរ។

លោកប្រធានាធិបតី បានចូលរួមសោកស្តាយផងដែរ ជាមួយនិងរីការាល នៃជំងឺកូវីដ១៩នៅកម្ពុជា និងបានអរគុណ សម្តេច ដែលបានចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលនិងក្រុមគ្រួសារ ទាហានម៉ារីនជើងទឹក ដែលបានពលីជីវិត នៅក្នុង ឧបទ្វវហេតុលិច នាវាមុជទឹកក្នុង លំហរសមុទ្រ៕

To Top