ព័ត៌មានជាតិ

កម្ពុជា លែងមានអ្នកស្លាប់​ ដោយសារ ជំងឺគ្រុនចាញ់ ទោះបីក្នុងបរិយាកាស ដ៏លំបាក ដោយជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាលែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ទោះបី កម្ពុជាស្ថិត ក្នុងបរិយាកាសដ៏លំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។

តាមរយៈសារលិខិត ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សម្ដេចតេ ជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាកំពុងអនុវត្តអភិក្រមការងារ លុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលជាផ្នែកមួយ នៃផែនការយុទ្ឋសាស្ត្រជាតិ លុបបំបាត់ ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហា ញផ្លូវ និងបង្កលក្ខណៈងាយស្រួល ដល់ការប្រតិបត្តិជាក់ស្ដែង ឈានឆ្ពោះទៅលុបបំបាត់ ជំងឺគ្រុនចាញ់ទូទាំងប្រទេស។

សម្ដេចតេជោ មានប្រសាសន៍ថា «តាមប្រភពរបាយការណ៍ ប្រចាំឆ្នាំរបស់ កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ បានបង្ហា ញថា ប្រទេសកម្ពុជាយើងលែងមាន ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ បានន័យថា សម្រេចបានជោគជ័យ មុនគោលដៅគ្រោងទុក ឆ្នាំ២០២០»។

សូមជម្រាបថា ឆ្នាំ២០២០ កម្ពុជា មានអ្នក ឆ្លងជំងឺគ្រុនចាញ់ សរុប៩ ២២៧ករណីឈឺ បានន័យថា ករណីឈឺបានបន្តថយចុះ ៧១% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន៣ ១៩៧១ករណី។ រីឯជំងឺគ្រុនចាញ់ប្រភេទសន្ធ័ និងចម្រុះមាន៩៣៦ករណី ក្នុងឆ្នាំ២០២០ គឺបានបន្តថយចុះ ៨១% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានរហូតដល់ ៤ ៩៩០ករណី។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងន័យនេះយើង អាចនិយាយបានថា ការងារប្រយុទ្ឋ នឹងជំងឺគ្រុនចាញ់របស់យើង កាន់តែមានប្រសិទ្ឋភាពខ្ពស់ សម្រាប់ការចូលរួមចំណែក ឈានទៅសម្រេចគោលដៅ អភិវឌ្ឍន៍សហស្សវត្សកម្ពុជាយើង បើទោះជាក្នុងបរិយាកាសដ៏លំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ»។

សម្ដេចតេជោ បន្ដថា ទោះបីការងារប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ កំពុងទទួលបាននូវសមិទ្ធផល យ៉ាងមានប្រសិទ្ធភាពខ្ពស់ យ៉ាងណាក៏ដោយ ក៏ត្រូវតែបង្កើនប្រសិទ្ធភាព ការងារចូលរួមប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ នេះបន្ថែមទៀត ព្រោះថា បើមិនទាន់ លុបបំបាត់មេរោគគ្រុនចាញ់ ឱ្យអស់ពីក្នុងខ្លួនមនុស្ស គ្រប់ៗរូបទេនោះ សត្វមូស ដែកគោលញី ដែលនៅបន្តមានវត្តមាន ក្នុងព្រៃនិងតំបន់ជុំវិញ នៅតែមានឱកាសបឺតឈាម ចម្លងមេរោគគ្រុនចាញ់ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងពីសហគមន៍ មួយទៅសហគមន៍មួយ ដដែល។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងបានផ្តល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនា កៀរគរប្រមូលប្រភពធនធាន ឱ្យកាន់តែសកម្មភាព ខ្លាំងក្លាថែមទៀត ដើម្បីចូលរួមឆ្ពោះទៅលុបបំបាត់ ជំងឺគ្រុនចាញ់នេះ ឱ្យបានតាមផែនការកំណត់ គឺគ្មានជំងឺ គ្រុនចាញ់ប្រភេទសន្ធំ នៅដំណាច់ឆ្នាំ២០២៣ និងគ្មានជំងឺគ្រុនចាញ់ គ្រប់ទម្រង់នៅដំណាច់ឆ្នាំ២០២៥៕ដោយ ៖ អេង ប៊ូឆេង

To Top