ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ៖ វិធានការផ្សេងៗ​ ដែលរដ្ឋបាល រាជធានី-ខេត្ត ដាក់ចេញត្រូវបន្ត អនុវត្តដដែល ទោះបីរាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ ធ្វើដំណើរ

ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានឲ្យដឹងថា វិធានការផ្សេងៗ ដែលរដ្ឋបាលរាជធានី-ខេត្ត ដាក់ចេញនាពេលកន្លងមក គឺត្រូវអនុវត្តដដែល ទោះបី រាជរដ្ឋាភិបាលសម្រេច បញ្ចប់ការហាមឃាត់ធ្វើដំណើរ។

សូមរំលឹកថា រាជរដ្ឋាភិបាល នៅថ្ងៃទី២៥មេសានេះ បានសម្រេចបញ្ចប់ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ភូមិសាស្ត្រខេត្តមួយ ទៅខេត្តមួយ និងការបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ សេចក្តីសម្រេចនេះអនុញ្ញាត ឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូល នៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះ មានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្ដិភាព បានលើកឡើងថា «ដោយឡែកការធ្វើដំណើរ ឆ្លងកាត់ចេញ-ចូល ទៅក្នុងតំបន់បិទខ្ទប់ ដោយដាក់ចេញរាជរដ្ឋាភិបាល សម្រាប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល ក៏ដូចជា តំបន់បិទខ្ទប់នានាផ្សេងៗទៀត ដោយសម្រេចចេញ ដោយរដ្ឋបាលខេត្តនីមួយៗ គឺនៅតែបន្ដអនុវត្ត តាមសេចក្ដីសម្រេចបិទខ្ទប់ទាំងនោះ ដោយមិនអនុញ្ញាតចេញ-ចូល ឆ្លងកាត់ តំបន់បិទខ្ទប់ទេ»។

លោក បន្ដថា រីឯវិធានការផ្សេងៗទៀតដែលរាជធានី-ខេត្ត ដាក់ចេញនោះ ក៏នៅតែបន្ដអនុវត្តដដែល ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-កម្ពុជា៕

To Top