ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំ ពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា មុននឹងដើរចេញ ពីវិធានការបិទ ខ្ទប់ ត្រូវរៀបចំផែនការ ទុកជាមុន បើមិនដូច្នោះទេ ការផ្ទុះឡើងជំងឺកូវីដ-១៩កាន់តែខ្លាំង អាចមានគ្រោះថ្នាក់ខ្លាំងជាង នាពេលនេះទៅទៀត។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តតាមវិធានការណ៍ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលដាក់ចេញរួចហើយ។
លោកស្រី ថាសុខភាពរបស់ ប្រជាពលរដ្ឋ មានសារៈសំខាន់ ជាងអ្វីៗទាំងអស់ ហើយត្រូវការពារ ពីការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។
លោកស្រី បន្ដថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសមួយ រួមជាមួយជម្រើសដទៃទៀត របស់ប្រជាពលរដ្ឋ ក្នុងការ អនុវត្តន៍វិធានការណ៍ បង្ការជំងឺកូវីដ-១៩ ដែលអាចការពារ ប្រជាពលរដ្ឋបានហើយ ដោយតម្រូវឱ្យបុគ្គល និងប្រជាជន ចាំបាច់មានវិន័យត្រឹមត្រូវ និងការយល់ដឹងចាំបាច់ ខណៈពេលដែលកំពុងស្វែងរក សេវាកម្មចាក់វ៉ាក់សាំង នៅតាមទីតាំង ណាមួយ ដែលប្រកាស ដោយគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។
លោកស្រី បញ្ជាក់ថា «នៅផ្ទះ គឺជាជម្រើសដ៏ល្អមួយ សម្រាប់ការពារការចម្លង ជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់ គឺជាវិធាន ការបណ្តោះអាសន្នប៉ុណ្ណោះ ដែលមានពេលកំណត់ មិនមែនជាការចាក់សោរជារៀងរហូត ដែលមនុស្ស មិនអាចធ្វើអ្វីបាន នោះឡើយ។ វាជាការចាំបាច់ណាស់ ដែលយើងត្រូវរៀបចំទុកជាមុន មុននឹងពេលដើរចេញ ពីវិធានការបិទខ្ទប់ បើមិនដូ ច្នោះទេ ការផ្ទុះឡើងនូវការចម្លង រាលដាលខ្លាំងថ្មីមួយទៀត នឹងអាចកើតឡើង ហើយអាចមានគ្រោះថ្នាក់ខ្លាំង ជាងនាពេល នេះទៅទៀត»។
លោកស្រី បន្ដថា «នៅពេលនោះ មនុស្សគ្រប់គ្នា ទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្ត វិធានការទប់ស្កា ត់ការចម្លងជំងឺ ដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហើយ ចុះទម្រាំមានការផ្ទុះចេញ សារជាថ្មី ទៀតនោះ នៅពេលដែលកម្លាំងយើង មិនទាំងទាន់បានស្រាកស្រាន្តផងនោះ ឫអាចនិយាយបានថា អស់ថ្ម តែថ្មនោះ មិនទាន់ទាំងបាន សាកបញ្ចូលពេញវិញផង តើនឹងក្លាយទៅជាយ៉ាងណា?
ធនធានប្រហែលជា មិនគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់ការចម្លង ដែលជានិន្នាការចម្លងមួយ ដែលអាចកើតមាន ជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡើង នូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ បន្ទាប់ពីការដើរចេញ ពីវិធានការបិទខ្ទប់ នាពេលខាងមុខ (ទោះជាការដើរចេញ នូវវិធានការបិទខ្ទប់ អាចកើតមាន ក្នុងពេលឆាប់ ឫយូរក៏ដោយ)»។
លោកស្រី សឹងតែមិនហ៊ានគិត ដល់ចំណុចនោះទេ តែលោកស្រី ត្រូវបង្ហាញជាមុន ដើម្បីឲ្យប្រជាពលរដ្ឋ មានការប្រុងប្រ យ័ត្នលើចំណុចនេះទាំងអស់គ្នា។ លោកស្រី បុគ្គលគ្រប់រូប អាចមានសុវត្ថិភាព ពីការឆ្លងជំងឺកូវីដ-១៩បាន ប្រសិនបើ មនុស្សគ្រប់គ្នា អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួន បានទាន់ពេល និងបានលឿនជាង ការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួន ឱ្យបានជាមួយនឹងជីវិតរស់នៅ ធម្មតាតាមបែបគន្លងថ្មី។
លោកស្រី បន្ថែមថា រាល់ទីតាំងដែលបិទជិត ឫជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និងរោងចក្រ-សហគ្រាដសជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់ នូវវិធានការណ៍បង្ការ ជំងឺកូវីដ-១៩។ លោកស្រី ប្រសិនបើមិនចង់វិលត្រឡប់ ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗ ត្រូវរៀនសូត្រ សម្រាប់ការផ្លាស់ប្តូរ របៀបរស់នៅរបស់ប្រជាពលរដ្ឋ ទៅរកស្ថានភាពធម្មតា តែមានការប្រុងប្រយ័ត្នការពារ ដូចបានរៀបរាប់ខាងលើ៕