ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានស្នើរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: លោក អ៊ិត សំហេង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ធ្វើការផ្អាកជាបណ្ដោះអាសន្ន ចំពោះការបើកប្រាក់ឈ្នួលជូន កម្មករ-និយោជិ ត នៅតាមធនាគារ ដើម្បីបញ្ជៀស ការចម្លងជំងឺកូវីដ-១៩។

លោក ហ្វា សាលី ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ថា ក្នុងបរិបទជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះមាន កម្មករ-និយោជិត ទៅបើកប្រាក់ឈ្នួលរបស់ខ្លួន នៅតាមធនាគារនីមួយៗ ដោយមានហានិ ភ័យខ្ពស់ចំពោះពួកគាត់ ដោយសារតែពួកគាត់ ឈរប្រជ្រៀតគ្នា និងខាតពេលវេលា ជាដើម។
លោក បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងស្ថានភាពនេះ (ស្ថានភាពជំងឺកូវីដ) គួរតែស្នើសុំដល់ រដ្ឋមន្ដ្រីក្រសួងការងារ ក៏ដូចជា សមាគមកាត់ដេរ ក៏ដូចជា នាយកក្រុមហ៊ុននីមួយៗ ដែលបើកប្រាក់ឈ្នួល ជូនបងប្អូន កម្មករ-និយោជិត នៅនានាហ្នឹងគួរ តែផ្អាកជាបណ្ដោះអាសន្នសិន ទម្រាំឱ្យកូវីដ មានការធូរស្រាលសិន ចាំវិលបើកប្រាក់ឈ្នួល តាមធនាគារឡើងវិញ»។
ជាងនេះទៅទៀត សម្ព័ន្ធសហជីព ក៏បានទទូចដល់ រដ្ឋមន្ដ្រីក្រសួងការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យចំណុចនេះ ឡើងវិញ ដើម្បីបញ្ជៀស ពីការចម្លងជំងឺកូវីដ-១៩ ដល់កម្មករ-និយោជិត។ សម្ព័ន្ធសហជីព ថា បើសិនជំងឺកូវីដ ប៉ះពាល់ដល់កម្មករ-និយោជិត កាន់តែខ្លាំង នឹងធ្វើឱ្យវិបត្តិសេដ្ឋកិច្ច កាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕


