✍️ឆ្នាំចាស់ផ្លាស់កាយឆ្ងាយទៅហើយ ម្តេចឡើយកូវីដមិនវិលវៃ ថែមទាំងប្រែកាយក្លាយបែបថ្មី រុករានប្រល័យគ្មានស្រាកស្រាន្ត។
✍️ទេវតាថ្មីចាស់ផ្លាស់បន្ត កូវីដថ្លែងសដ៏ហួសស្មាន ប្រទេសធំតូចដូចមិនខាន ចូលគ្រប់ទីស្ថានខានសុខុម។
✍️ឃើញគ្រប់ជាតិសាសន៍ច្បាស់មរណា កូវីដប្រហារយ៉ាងបង្ខំ លោកិយងងឹតចិត្តក្រៀមក្រំ មេឃចង់រលំយំលែងស្តី។
✍️ទីធ្លាប់មានការថ្លាត្រចង់ បែរធ្លាក់អន្លង់ផុងព្រួយភ័យ មិនថាក្មេងចាស់ច្បាស់ក្សិណក្ស័យ ទ្វីបលោកយល់ន័យក្តីវិនាស។
✍️ទាំងពេទ្យមន្ត្រីភ័យពេកពិត តែខំតាំងចិត្តគិតឆ្លាស់ឆ្លៀស ជួយអ្នកជំងឺឈឺពេញពាស កុំឱ្យនិរាសរាស្ត្រមរណា។
✍️ពេទ្យក៏មានឆ្លងផងអំពល់ កូវីដឥតខ្វល់យល់នរណា ពឺតពួយចម្លងឆ្លងប្រហារ ឱ្យក្ស័យសង្ខារត្រាឥតស្បើយ។
✍️អនិច្ចាមនុស្សលោករោគបំពាន កម្មកាចទន្រ្ទានគ្មានល្ហែល្ហើយ ទោះមានវ៉ាក់សាំងខ្លាំងក្លាហើយ ក៏រោគមិនស្បើយឡើយឈប់ឆ្លង។
✍️ឆ្លងគ្រប់ជាតិសាសន៍ច្បាស់មិនក្រែង កូវីដបំប្លែងស្តែងចម្លង ឥណ្ឌាដួលស្លាប់យ៉ាប់កន្លង មើលផងគិតផងត្រងពិចារ។
✍️កុំបីព្រហឿនផ្គើនបម្រាម នៅផ្ទះស្តាប់តាមវិធានការ ស៊ូទ្រាំឱ្យបានណាលោកណា ប្រយ័ត្នមរណាអាសាបង់។
✍️កុំអ៊ួតក្លេងក្អាងខាងផឹកស៊ី កុំផ្តុំមូលមីតាមចំណង់ កុំដើរឆ្វេកឆ្វាចមិនខ្លាចអង្គ ហ៊ានតាមចិត្តចង់បង់ជីវិត។
✍️ចូរកុំរអ៊ួស៊ូទៅណា គ្រប់អង្គអាត្មាពិចារគិត ជ្រោមជ្រែងសង្គមផ្តុំគំនិត ទើបកម្មរួមរឹតពិតស្រាកស្រាន្ត។
✍️ឱ្យអាកូវីដវាសូន្យសុង ទើបក្នុងលោកិយយើងសុខសាន្ត ទើបពិភពលោកវិលថ្កើងថ្កាន ទើបមនុស្សគ្រប់ដ្ឋានបានសុខជា។
✍️ទេវតាឆ្នាំថ្មីលៃឱ្យច្បាស់ គួរណាស់ស្រោចស្រង់មនុស្សគ្រប់គ្នា ឱ្យផុតវិយោគរោគផ្តន្ទា ផុតក្តីវេទនាគ្រាំគ្រាចិត្ត។
✍️សូមព្រះឥន្រ្ទាជាធិបតី លោកិយកំពុងតែងងឹត សូមប្រោសប្រទានមានជីវិត ឱ្យរស់សុខពិតឥតមានព្រួយ។
✍️សូមឱ្យកូវីដពិតបរា ដោយសារវ៉ាក់សាំងតាំងទប់ជួយ កំចាត់កូវីដឱ្យរលួយ វ៉ាក់សាំងបោះពួយស្ទួយមនុស្សលោក។
និពន្ធដោយ៖ លោកឧត្តម សេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ