ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ)បានអញ្ជេីញមកប្រជុំពិភាក្សាការងារ និងសួរសុខទុុក្ខយោធិន និងបានកោតសរសេីរ ចំពោះកងពលដែលបានរៀបចំកន្លែងចាក់វ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនកងទ័ព គ្រួសារកងទ័ព ទាំង៨គោលដៅ និងបានចូលរួមជួយរៀបចំកន្លែងព្យាបាល ទាំង៣គោលដៅ (មន្ទីពេទ្យ ហ្លួងម៉ែ សាលកោះពេជ្រ និងសណ្ឋាគារ The Great Duke)ជូនប្រជាពលរដ្ឋ បានល្អប្រសេីរណាស់។
ជាពិសេសនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានឧបត្ថម្ភថវិកា ចំនួន ១០,០០០,០០០រៀល និងម៉ាស់ ចំនួន ១ម៉ឺនម៉ាស់ ប្រគល់អោយកងពលតូចលេខ៧០ ដេីម្បីចូលរួមការពារជំងឺកូវីដ-១៩។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកេីនរំលឹកតាមបណ្ដាគោលដៅទាំងអស់ បានរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសនូវវិធានការរបស់សុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឱ្យពាក់ម៉ាសឱ្យបានគ្រប់គ្នា ដើម្បីចៀសវាងហានិភ័យដែលអាចកើតមានឡើង។
សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅតាមបណ្តាខណ្ឌដូចជា៖
* ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)
* ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
* ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា
* ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក
* ខណ្ឌបឹងកេងកង វិទ្យាល័យ ជា ស៊ីម បឹងកេងកង
* ខណ្ឌឬស្សីកែវ (សាលាបឋមសិក្សាច្រាំងចម្រេះ)
* ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២
* ខណ្ឌដង្កោ អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង
សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ ដូសទី២ ជូនគ្រួសារយោធិននេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ តទៅ៕