ព័ត៌មានជាតិ

បុរសម្នាក់ លួចរត់គេចខ្លួនបាត់ ពីមណ្ឌលចត្តាឡីស័ក នៅស្រុកអូរយ៉ាដាវ (Video)

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់រដ្ឋបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ កង សាមន ភេទប្រុស អាយុ៤៧ឆ្នាំ បានលួចរត់គេចខ្លួនបាត់ ពីមណ្ឌលចត្តាឡីស័កក្រុមហ៊ុន ទ្រីភាព នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បុរសខាងលើ មានទីលំនៅភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលត្រូវបានកម្លាំងអធិការ នគរបាលស្រុក បានយកមកធ្វើចត្តាឡីស័ក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រយៈពេល ១៤ថ្ងៃ ។ ប៉ុន្ដែមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បុរសខាងលើមាន សកម្មភាពប្លែកៗ និយាយមិនដឹងខុសត្រូវ ដូចមនុស្សមានសតិមិនគ្រប់ កម្លាំងអធិការនគរបាលស្រុក ក៏បាននាំខ្លួនបុរសខាងលើ ទៅអធិការដ្ឋាន ស្រុកអូរយ៉ាដាវ ដើម្បីធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា រួចបញ្ជូនទៅមណ្ឌលចត្តាឡីស័កវិញ ។ ហើយនៅក្នុងវេលាយប់ម៉ោង ២០:៣០នាទី ថ្ងៃទី២៣ ខែឆ្នាំដដែល បុរសខាងលើបានព្យាយាមរត់ចេញម្ដង តែមិនបានសម្រេច ។ លុះដល់ម៉ោងប្រហែលម៉ោង៣ ទៅម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បុរសខាងលើក៏បានលួចរត់គេច ខ្លួនទៅបាត់បានសម្រេច។

បច្ចុប្បន្នរដ្ឋបាលស្រុក បានធ្វើការជូនដំណឹង ទៅរដ្ឋបាលឃុំបរខាំ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាវ រកបុរសខាងលើមកធ្វើចត្តាឡីស័កវិញ។

ជាមួយគ្នានោះ រដ្ឋបាលស្រុក ក៏បានសំណូមពរ អោយបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ទាំងអស់ មានភាពអំណត់ អត់ធ្មត់ ក្នុងការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនេះ ព្រោះដើម្បីប្រាកដថាខ្លួនយើងមាន ឬមិនមានជំងឺដ៏កាចសាហាវនេះ កុំអោយមានការឆ្លងដល់ក្រុមគ្រួសារ ក៏ដូចជាដល់សហគមន៍ ទាំងមូល ដែលជាវិប្បដិសារីដ៏ធ្ងន់ធ្ងរ ក្នុងករណី ដែលយើងមានផ្ទុកជំងឺនេះ ៕

To Top