ភ្នំពេញ ៖ កម្លាំងនៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្កអោយ មានភាពចលាចលក្នុងសង្គម ។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រាយការណ៍មកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។


បើតាមលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវប៉ូលីសឃាត់ខ្លួននេះឈ្មោះ ភឹម ផាយផាត់ អាយុ៣៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំង ជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់ ៕
