ព័ត៌មានជាតិ

មេសហជីព អំពាវនាវ ដល់ថៅកែ រោងចក្រ ឱ្យ បើកប្រាក់ ឧបត្ថម្ភ ៣០-៥០% នៃប្រាក់ឈ្នួលសរុប ដល់កម្មករ ក្នុងពេលបិទខ្ទប់ និងផ្អាកការងារ

ភ្នំពេញ ៖ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ NTUC អំពាវនាវផ្តល់ប្រាក់ឈ្នួល កម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាស ចំពោះបងប្អូនកម្មករ-កម្មការិនី ដែលធ្វើការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ស្បែកជើង និងកាបូប ដែលកំពុងធ្វើចត្តាឡីស័ក (តំបន់ទូទៅ ចំពោះអ្នកចត្តាឡីស័ក) និងផ្អាកសកម្មភាពការងារ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ក្រុងភ្នំពេញ និងក្រុងតាខ្មៅ នៃទឹកដីខេត្តកណ្តាល ខ្ញុំសូមអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស ឬរាជរដ្ឋាភិបាលកម្ពុជា មេត្តាផ្តល់ប្រាក់ឈ្នួល៣០-៥០%នៃប្រាក់ឈ្នួល គោល ក្នុងអំឡុងពេលផ្អាកសកម្មភាពការងារ ដោយសារបញ្ហាការឆ្លងនៃជម្ងឺកូវីដ១៩ ។

បងប្អូនកម្មករ-និយោជិតបានបំពេញការងារកន្លងមក និងបានរកប្រាក់កម្រៃ ចំណេញជាច្រើនជូនម្ចាស់រោងចក្រ សហគ្រាស ក្នុងពេលវេលានេះ កម្មករគួរទទួលបានភាគលាភ នៃប្រាក់កម្រៃចំណេញខ្លះ ឬមេត្តាជួយចែករំលែក ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត យ៉ាងតិច៣០-៥០%នាពេលបិទខ្ទប់ ឬពេលធ្វើចត្តាឡីស័ក ។

សម្ព័ន្ធសហជីពជាតិ សង្ឃឹមថា ទាំងភាគីរាជរដ្ឋាភិបាល និងជាពិសេសភាគីនិយោជក មេត្តាពិចារណា និងផ្តល់ជូននូវប្រាក់ឧបត្ថម្ភក្នុងអំឡុង បិទខ្ទប់ ឬអំឡុងពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីផ្តល់លទ្ធភាព ជូនបងប្អូនកម្មករនិយោជិត សម្រាប់បំពេញតម្រូវការចាំបាច់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ នាពេលខាងមុខ ៕

To Top