ភ្នំពេញ ៖លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រដ្ឋាភិបាលចិន បានអនុញ្ញាតជាផ្លូវការឲ្យកម្ពុជានាំេញផ្លែស្វាយស្រស់ទៅប្រទេសចិន។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេស ឯកឧត្តមអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋ ប្រជាមានិត ចិនដែលបានអនុញ្ញាតជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា»។
លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានលើកឡើងថា ចំពោះការរៀបចំពីធីជាផ្លូវការ នៃការនាំស្វាយស្រស់ចេញពីកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម នឹងសហការជាមួយ អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្ត នៅក្នុងសប្តាហ៍នេះ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយ អគ្គរដ្ឋបាលគយរបស់ចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
នៅក្នុងខ្លឹមសារនៃពិធីសារ បានកំណត់ថា ស្វាយដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តន៍ការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ៕