ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកថា ការនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ជាផ្លូវការនោះ គឺជាសមិទ្ធ ផលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាង ចិន-កម្ពុជា ក្រោមស្ថានភាពនៃជំងឺកូវីដ-១៩។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលគយចិន បានប្រកាសជាផ្លូវការ អំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយ និងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជី ក្នុងការនាំចេញផ្លែស្វាយ កម្ពុជាទៅកាន់ប្រទេសចិន។
ស្ថានទូត បន្ដថា ទាំងនេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយ នៃភាគីទាំងពីរ ក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជា ទៅប្រទេសចិន។ ចម្ការ ចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ ចំនួន ៥ កន្លែង ទទួលបានការអនុញ្ញាត ក្នុងកិច្ចការនាំចេញមួយនេះ។
ស្ថានទូត បញ្ជាក់ថា «នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង ចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ ទៅវិញ ទៅមក រវាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម»។
ជាងមួយគ្នានេះដែរ ស្ថានទូតចិន ប្រចាំកម្ពុជា ក៏បានរំលឹកថា កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជា បានចុះហត្ថ លេខាលើពិធីសារ ស្តីអំពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ ហើយកាលពី ខែមីនា ឆ្នាំ២០២១ ភាគីចិន បានត្រួតពិនិត្យលើបញ្ជីឈ្មោះ នៃចម្ការស្វាយនិងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញខាងលើ។ ជាងនេះទៅទៀត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយចិន បានអនុម័ត និងប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមួយនេះ។ ដំណាំស្វាយកម្ពុជាបានក្លាយជាផ្លែឈើទី២ ដែលអាចនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីដំណាំចេក។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៦ មេសា លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន ដែលបានអនុញ្ញាតជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជាទៅប្រទេសខ្លួន៕