ព័ត៌មានជាតិ

សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្ត ដល់អតិថិជន ឱ្យបង់ប្រាក់ តាមលេខទូរសព្ទ របស់មន្ត្រីឥណទាន

ភ្នំពេញ ៖ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តដល់អតិថិជន និងសាធារណជន ធ្វើការបង់ប្រាក់ តាមរយៈលេខទូរ សព្ទរបស់មន្ត្រីឥណទាន ឬតាមការិយាល័យគ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត។

ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានទូរសព្ទទៅកាន់អតិថិជន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការ បង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំ ឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។

យោងតាមសេចក្ដីជូនដំណឹងរបស់ សមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីចៀសវាងការចាញ់ បោកជនខិលខូចទាំងនោះ សមាគម សូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជន ធ្វើការបង់ប្រាក់ តាមរយៈលេខទូរសព្ទរបស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត។

សមាគម បន្ដថា លោកអ្នកក៏អាចធ្វើការទូទាត់ សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈមាស៊ីន ដាក់ប្រាក់ដោយស្វ័យប្រវត្តិ របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ ។ ក្នុងករណីសង្ស័យ ទូរសព្ទជាបន្ទាន់ទៅកាន់គ្រឹះស្ថាន ដើម្បីធ្វើការផ្ទៀតផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់ជនណាម្នាក់ ដែលអះអាងថា ខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ដែលលោកអ្នកបាន
ខ្ចីប្រាក់ ៕

To Top