ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមសាស្រ្តរាជធានីភ្នំពេញ ជា«តំបន់ក្រហម» »តំបន់លឿងទុំ» «តំបន់លឿង» ក្នុងអំឡុង ពេលនៃការអនុវត្តវិធានការបិទខ្ទប់ តាមសេចក្ដីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
យោងតាមសេចក្ដីសម្រេចលេខ០៩៧ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ត្រង់ប្រការ១បានបញ្ជាក់ថា ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការអនុវត្ត សេចក្ដីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានកំណត់ជា៣ (បី) តំបន់ដូចខាងក្រោម៖
-«តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍
-«តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ ក្នុងសហគមន៍
-«តំបន់លឿង» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
ផែនទីនៃការកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ ជា «តំបន់ក្រហម» «តំបន់លឿងទុំ» «តំបន់លឿង» ត្រូវបានភ្ជាប់មកជាឧបសសម្ព័ន្ធ នៃសេចក្ដីសម្រេចនេះ។
ប្រការ២៖ វិធានការដែលត្រូវអនុវត្តចំពោះភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិតត្រឹមចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល មេត្តាជ្រាបថា៖
បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានកំណត់អំពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយក៏ដោយ ក៏វិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗទាំងនោះ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ!
ហេតុនេះ ក្នុងពេលនេះរហូតដល់មុនម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមបន្តអនុវត្តនូវរាល់វិធានការដែលបានដាក់ចេញកន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម៕




























