ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា បើចង់ឱ្យជំងឺកូវីដ-១៩ រលាយអស់ពីទឹកដីកម្ពុជាក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម អនុវត្តបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានថ្លែងថា «បងប្អូនទាំងអស់ប្រាកដជាមានអារម្មណ៍ដូចខ្ញុំ គឺចង់ឱ្យជំងឺកូវីដ១៩ រលាយអស់ពីទឹកដីយើងក្នុងពេលឆាប់បំផុត ដើម្បីយើងអាចត្រឡប់ទៅរកជីវភាពរស់នៅ ជួបជុំគ្រួសារជាធម្មតាដូចមុនវិញ»។
លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ៣កុំ ៣ ការពារ ក៏ដូចជា ក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៍ អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាបានឆាប់រហ័ស៕
