ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានដាក់ចេញជាវិធានការ យ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញ-ចូល និងការគ្រប់គ្រង ការអនុវត្ត នៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេច លេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល ។
ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ video conference ក្រោមវត្តមាន លោកកើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មការប្រតិបត្តិនៃ គ ប ខ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថ លើផ្ទៃប្រទេស អាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសរាជធានី និងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញតាមរយៈ video conferenceនេះឡើង ក្នុងគោលបំណង កំណត់ឱ្យបានច្បាស់លាស់ ពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ងាយស្រួលគ្រប់គ្រង និងអនុវត្តការងារ ទៅតាមសេចក្តីសម្រេច លេខ៥៤ ស ស រ របស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ ពិសេសផ្សព្វផ្សាយ អោយប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ របស់យើង ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ឱ្យបានល្អបន្ថែមទៀត។
ជាមួយគ្នានោះ លោកឃួង ស្រេង បានណែនាំ ក្រើនរំលឹក ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ អនុវត្តការងារខាងលើនេះ កុំឱ្យលើស និងកុំឱ្យខ្វះ ដើម្បីអនុវត្តសេចក្តីសម្រេច លេខ៥៤ សសរ របស់រាជរដ្ឋាភិបាលនេះ ទទួលបានជោគជ័យ។
ក្នុងនោះដែរ លោក កើត រិទ្ធ ឲ្យដឹង ថា លោកបានប្រជុំ និងសម្រេចរួចហើយ ដើម្បីពង្រីងការងារ លើការបន្តការបិទខ្ទប់ ក្រុងតាខ្មៅ បន្តទៀត។ ដោយឡែក នៅព្រឹកថ្ងៃទី២៨ មេសានេះ បានប្រជុំជាមួយ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ video conference បន្តទៀត ដើម្បីកំណត់ការចេញ ចូល និងការគ្រប់គ្រង ការអនុវត្ត នៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ ។
លោក កើតរិទ្ធ មានប្រសាសន៍ថា “យើងមានគោលដៅ២ ដែលត្រូវអនុវត្ត ទី១ គឺ ស្វែងយល់ អោយបានច្បាស់លាស់បន្ថែម ពីតំបន់បិទខ្ទប់ ដើម្បីយកទៅអនុវត្ត អោយចំគោលដៅ មិនលើស មិនខ្វះ និងទទួលបានជោគជ័យ។ ទី២ គឺការផ្សាយផ្សាយ ប្រជាពលរដ្ឋឱ្យបានយល់ ពីអ្វីដែលពួកគាត់ ត្រូវអនុវត្ត អ្វីដែលពួកគាត់ គួរធ្វើនិងមិនគួរធ្វើ លើតំបន់៣ពណ៌ ដែលបានកំណត់ ដើម្បីទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩” ។
ក្នុងឱកាសនោះ លោក កើត រិទ្ធ ក៏បានសម្តែងការកោតសរសើរ ចំពោះកងកម្លាំង និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ នៃការបិទខ្ទប់ រាជធានីភ្នំពេញនេះ ឃើញថា កម្លាំងនិងអាជ្ញាធរ បានប្រឹងប្រែងខ្លាំងណាស់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ដែលបានធ្វើឱ្យការងារនេះ ដំណើរការទៅដោយរលូន និងជោគជ័យ និងមានការចូលរួម ពីប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរផងដែរ៕