ព័ត៌មានជាតិ

រដ្ឋបាលរាជធានី អនុញ្ញាតឲ្យបើកដំណើរការ ផ្សារទំនើបឡាក់គី នៅតំបន់លឿងឡើងវិញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្សារ ទំនើបឡាក់គី នៅតំបន់លឿង នៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីបិទមួយរយៈ ដើម្បីទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។

ការអនុញ្ញាត ឲ្យដំណើរការឡើងវិញ នូវផ្សារទំនើបឡាក់គីនេះ ជាការបញ្ជាក់របស់លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសទទួលអំណោយ ពីលោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ ។

លោកអភិបាលរងរាជធានីភ្នំពេញ លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គនាយក ដែលបានឧបត្ថម្ភ អង្ករ ៥តោន ស្មើរនឹង១០០០កញ្ចប់ និងត្រីខ ចំនួន ៦០០០កំប៉ុង ស្មើរនឹង១០០០កញ្ចប់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែក យ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល មេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកកើត ឆែ បានបញ្ជាក់ថា ការទទួលអំណោយមនុស្សធម៌ នៅពេលនេះ គឺស្របពេលដែល រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មេសានេះ បានសម្រេច ឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿង នៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញ ផងដែរ៕

To Top